ដោយៈ ម៉ាណា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល បានរៀបចំវេទិការធុរកិច្ចកម្ពុជា-អូទ្រីស ដែលមានការចូលរួមពីក្រុមហ៊ុន មកពីប្រទេសនេះចំនួន១៩ ដើម្បីសិក្សាស្វែងយល់ពីកាលានុវត្តន៍ភាពវិនិយោគនៅកម្ពុជា
វេទិកានេះធ្វើឡើង ក្រោមអធិបតីភាពរបស់លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក.អ.ក និងលោក Andreas Sumper អនុប្រធានបេសកកម្មនៃស្ថានទូតអូទ្រីសប្រចាំកម្ពុជា ដោយមានវត្តមានចូលរួមពីតំណាងក្រសួង ស្ថាប័នរដ្ឋ និងឯកជននៃភាគីទាំងពីរប្រមាណ៦០រូប។
វេទិកានេះ ក៏មានការចូលរួមពីតំណាង មកពីក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានចូលរួមធ្វើបទបង្ហាញតាមវិស័យពាក់ព័ន្ធរៀងៗខ្លួន។
បន្ថែមពីលើនេះ ក្រុមហ៊ុនអូទ្រីសដែលបានចូលរួម មានប្រតិបត្តិការពាក់ព័ន្ធនឹងវិស័យសុខាភិបាល ថាមពល កីឡា បដិសណ្ឋារកិច្ច សំណង់ ធនាគារ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក។ល។
លោកប៊ុន ចន្ធីរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានជម្រាបជូនអំពីការធ្វើសមាហរណកម្មពាណិជ្ជកម្មរបស់កម្ពុជា ក្នុងតំបន់និងសកល កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-
អូទ្រីស គោលនយោបាយជំរុញពាណិជ្ជកម្ម និងកិច្ចសម្រួលពាណិជ្ជកម្ម៕










