ដោយៈ គង់ ម៉ាណា
ភ្នំពេញៈ រដ្ឋាភិបាលតាមរតយៈក្រសួងឧស្សាហកម្ម បានដាក់ឱ្យដំណើរការកម្មវិធីរួមWISE ដើម្បីពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាត និងថាមពលកកើតឡើងវិញដែលធន់នឹងអាកាសធាតុ។
ព័ត៌មាននេះត្រូវបានលើកឡើង នៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា រួមមាន យូនីសេហ្វ (UNICEF) និងមូលនិធិអភិវឌ្ឍន៍មូលធនអង្គការសហប្រជាជាតិ (UNCDF) បានប្រកាសដាក់ឱ្យដំណើរការ កម្មវិធីរួមស្តីពីហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងថាមពលឆ្លាតវៃ (WISE) ដែលជាកម្មវិធីហិរញ្ញប្បទានចម្រុះដ៏លេចធ្លោមួយ ដើម្បីពន្លឿនការទទួលបានសេវាទឹកស្អាត ដែលមានសុវត្ថិភាព និងធន់នឹងអាកាសធាតុនៅទូទាំងប្រទេសកម្ពុជា។
ក្រោមការផ្តល់ហិរញ្ញប្បទាន ពីមូលនិធិរួមសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព (SDG)របស់អង្គការសហប្រជាជាតិ កម្មវិធី WISE បង្ហាញគំរូហិរញ្ញប្បទានឈានមុខមួយ ដែលរួមបញ្ចូលមូលធនពាណិជ្ជកម្ម និងមូលធនមានការប្រាក់ទាប ជាយន្តការហិរញ្ញប្បទានចម្រុះវិលជុំ ផ្តោតលើការធានាឱ្យមានប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ឆ្លាតវៃដែលធន់នឹងអាកាសធាតុ៕









