ដោយៈ ម៉ាណា
ភ្នំពេញៈ ក្រុមមន្រ្តីជាន់ខ្ពស់ និងអ្នកជំនាញបានពិភាក្សាពីវឌ្ឍនភាព និងបញ្ហាប្រឈម និងគោលនយោបាយជំរុញការប្រើប្រាស់ប្រាក់រៀល”នៅកម្ពុជា។
កិច្ចពិភាក្សានេះធ្វើឡើង ក្នុងកម្មវិធីអបអរសាទរទិវាប្រាក់រៀល ខួបលើកទី៤៦ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ (២០ មីនា ១៩៨០ – ២០ មីនា ២០២៦) ក្រោមអធិបតីភាពលោកឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភាជាតិ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នៅវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ (IBS)។
ក្នុងឱកាសនោះ លោកយឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍អំពីខ្លឹមសារសង្ខេប នៃលទ្ធផលក្នុងឯកសារស្រាវជ្រាវសំខាន់ៗចំនួនពីរ ដែលធនាគារជាតិនៃកម្ពុជាបានសហការជាមួយរដ្ឋសភាជាតិ និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា ដែលរួមមានទី១ របាយការណ៍សង្ខេបស្តីពីលទ្ធផលសិក្សាស្រាវជ្រាវអំពី “ដុល្លារូបនីយកម្ម និងផលប៉ះពាល់ក្នុងវិស័យកាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូបនៅកម្ពុជា” និងទី២ អត្ថបទស្រាវជ្រាវ “ការអង្កេតលើការប្រើប្រាស់រូបិយវត្ថុ នៅក្នុងវិស័យសាធារណៈ”។
បន្ថែមលើនេះ អង្គសិក្ខាសាលាក៏បានពិភាក្សា យ៉ាងផុលផុសលើប្រធានបទ “វឌ្ឍនភាព បញ្ហាប្រឈម និងគោលនយោបាយជំរុញការប្រើប្រាស់ប្រាក់រៀល” ដោយមានការចូលរួមជាវាគ្មិនពីមន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មអុឺរ៉ុបប្រចាំកម្ពុជា និងសមាគមធនាគារនៅកម្ពុជាផងដែរ។
សិក្ខាសាលានេះ មានគោលបំណងបង្ហាញពីសារៈសំខាន់ នៃការប្រើប្រាស់ប្រាក់រៀល ក្នុងសង្គមនិងសេដ្ឋកិច្ចកម្ពុជា ដោយមានការចូលរួមពីសំណាក់ មន្ត្រីជាន់ខ្ពស់នៃរដ្ឋសភាជាតិ ក្រសួង-ស្ថាប័នសាធារណៈ ដៃគូអភិវឌ្ឍន៍ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ភាគីពាក់ព័ន្ធ និងនិស្សិតសរុបប្រមាណ២៥០រូប៕











