ដោយៈ ចំណាន
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោកប៉េង ពោធិ៍នា បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការអភិវឌ្ឍយន្តការសហប្រតិបត្តិការអន្តរជាតិ ដើម្បីលើកកម្ពស់ការសម្របសម្រួលដឹកជញ្ជូនឆ្លងកាត់ព្រំដែន”។
វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពីមន្រ្តីតំណាងក្រសួងពាក់ព័ន្ធ និងថ្នាក់ដឹកនាំសមាគមភស្តុភារកម្មកម្ពុជា សមាគមដឹកជញ្ជូនទំនិញតាមផ្លូវគោកកម្ពុជា សមាគមដឹកជញ្ជូនអ្នកដំណើរតាមផ្លូវគោកកម្ពុជា និងតំណាងរដ្ឋបាលខេត្តជាប់ព្រំដែនផងដែរ។
វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើង ក្នុងគោលបំណងដើម្បីបង្កើនការយល់ដឹងអំពីក្របខណ្ឌគតិយុត្ត កិច្ចព្រមព្រៀង យន្តការ នីតិវិធី និងសារៈសំខាន់ក្នុងការចូលរួមអនុវត្តក្នុងក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការ ដល់គ្រប់ភាគីពាក់ព័ន្ធលើការងារសម្របសម្រួល ការដឹកជញ្ជូនឆ្លងកាត់ព្រំដែន និងដើម្បីឆ្លើយតបទៅតាមស្ថានភាពជាក់ស្តែង ជាពិសេសធានាឱ្យមាននូវនិរន្តភាព នៃខែ្សច្រវាក់ផ្គត់ផ្គង់ដល់សេដ្ឋកិច្ចកម្ពុជា។
វគ្គបណ្ដុះបណ្ដាលនេះ នឹងរៀបចំឡើងនៅ ថ្ងៃទី១៧-១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការចូលរួមចែករំលែកចំណេះដឹង បទពិសោធន៍ និងឧត្ដមានុវត្តន៍ ពីវាគ្មិនកិត្តិយសដែលពោរពេញទៅដោយជំនាញ និងបទពិសោធន៍ជាតិ និងអន្តរជាតិ រួមមានលោកសាស្រ្តាចារ្យ Hanaoka Shinya ដែលជាជំនាញការផ្នែកដឹកជញ្ជូន និងឡូជីស្ទីក តំណាងជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តំណាងទីស្នាក់ការច្រកទ្វារជាប់ខេត្តព្រំដែន និងជំនាញការJICA ប្រចាំក្រសួងសាធារណការ និងដឹកជញ្ជូន៕









