ដោយៈ ចំណាន
សៀមរាបៈ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) ក្រសួងមហាផ្ទៃ និងរដ្ឋបាលសាលាខេត្តសៀមរាប បានសហការរៀបចំសិក្ខាសាលាស្តីពី “ការបង្កើត និងចុះបញ្ជីបរធនបាលកិច្ច អនុលោមតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច” ជូនដល់តំណាងអង្គការ-សមាគមពាក់ព័ន្ធ ក្នុងខេត្តសៀមរាប។
ដោយទទួលបានការអនុញ្ញាត្តពីអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរ សេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.), និយ័តករបរធនបាលកិច្ច (ន.ប.ធ.), ក្រសួងមហាផ្ទៃ និងរដ្ឋបាលសាលាខេត្តសៀមរាប បានសហការរៀបចំសិក្ខាសាលាស្ដីពី “ការបង្កើត និងចុះបញ្ជីបរធនបាលកិច្ច អនុលោមតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច” ក្រោមអធិបតីភាពរបស់លោក សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. ឯកឧត្តម ឧត្ដមសេនីយ៍ឯក ងិន បាណាល់ អគ្គនាយករងនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុនៃក្រសួងមហាផ្ទៃ និងលោកលី សារី អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប នៅសាលាខេត្តសៀមរាប។
សិក្ខាសាលានេះត្រូវបានរៀបចំឡើង ដើម្បីបញ្រ្ជាបការយល់ដឹងបន្ថែមដល់សិក្ខាកាមពីក្របខណ្ឌច្បាប់ និងបទប្បញ្ញត្តិដែលមានជាធរមានពីការរៀបចំ និងការប្រព្រឹត្តទៅរបស់បរធនបាលកិច្ច អំពីដំណើរការបង្កើត ការចុះបញ្ជី និងប្រតិបត្តិការសកម្មភាព ក្នុងក្របខណ្ឌបរធនបាលកិច្ចសង្គម។
កម្មវិធីនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ មន្ត្រីជំនាញនៃ ន.ប.ធ. តំណាងក្រសួងមហាផ្ទៃ និងរដ្ឋបាលសាលាខេត្តសៀមរាប និងតំណាងអង្គការ-សមាគមពាក់ព័ន្ធ៕









