ដោយៈ ម៉ាណា
កំពង់ធំៈ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គង់ ច័ន្ទវាសនា អញ្ជើញចូលរួមកិច្ចប្រជុំ ក្រុមការងាររៀបចំទិន្នន័យកសាងផែនការប្រើប្រាស់ដីថ្នាក់ឃុំ -សង្កាត់ជុំវិញបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។
ក្នុងកិច្ចប្រជុំនេះ លោកបានដឹកនាំក្រុមការងារអគ្គនាយកដ្ឋានជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ចូលរួមកិច្ចប្រជុំពិភាក្សាអំពីការរៀបចំ ទិន្នន័យកសាងផែនការប្រើប្រាស់ដីថ្នាក់ឃុំ-សង្កាត់ជុំវិញបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ក្រោមអធិបតីភាព លោកតឹករ៉េត សំរេច រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅសាលាខេត្តកំពង់ធំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័ននានា រដ្ឋបាលខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ ព្រមទាំងរដ្ឋបាលស្រុក-ឃុំក្នុងខេត្តកំពង់ធំ។
លោកតឹករ៉េត សំរេច ប្រធានអង្គប្រជុំ បានបញ្ជាក់ថា គោលបំណងនៃកិច្ចប្រជុំនេះ ធ្វើឡើងដើម្បីប្រមូលទិន្នន័យ និងឈានទៅកំណត់លក្ខណ្ឌ នៃការប្រើប្រាស់ដីនៅតាមឃុំ- សង្កាត់ជុំវិញបឹងទន្លេសាប ដោយផ្អែកលេីសក្កានុពលដែលមាន សម្រាប់ការរៀបចំផែនការអភិវឌ្ឍមូលដ្ឋាន ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងការកាត់បន្ថយសម្ពាធមកលើបឹងទន្លេសាប។
ជាមួយគ្នានេះ លោកគង់ ច័ន្ទវាសនា តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងនូវការគាំទ្រ ចំពោះកិច្ចការដ៏សំខាន់នេះ និងបានលើកឡើងពីកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងកសិកម្ម ក្នុងការជំរុញការអភិវឌ្ឍវិស័យកសិកម្ម ដើម្បីធានាសន្តិសុខស្បៀង លើកកម្ពស់ជីវភាពប្រជាកសិករ និងចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ច ជាពិសេស ការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ រួមមាន យន្តការរក្សាលំនឹងថ្លៃកសិផល ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ដើម្បីជួយគាំទ្រដល់បងប្អូនប្រជាកសិករ។
ទន្ទឹមនឹងការគិតគូរអំពីវិស័យកសិកម្ម លោកក៏បានស្នើឱ្យអង្គប្រជុំយកចិត្តទុកដាក់ ដល់ការជំរុញវិស័យផ្សេងៗទៀតផងដែរ ដូចជាកសិ-ឧស្សាហកម្ម, ឧស្សាហកម្ម, ទេសចរណ៍ជាដេីម។ ល។ ដែលនឹងបង្កេីតទីផ្សារបន្ថែមសម្រាប់កសិកផលក្នុងស្រុក បង្កើតការងារ, បង្កើនតម្លៃបន្ថែម និងបង្កើនប្រាក់ចំណូលប្រជាពលរដ្ឋមូលដ្ឋាន សំដៅបង្កើនល្បឿននៃការឈានទៅសម្រេចបាន នូវចក្ខុវិស័យប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់ នៅឆ្នាំ២០៥០៕









