ដោយៈ ម៉ាណា
ភ្នំពេញៈ ក្រុមការងារផ្នែកឯកជន “ខ” “ផ្នែកទេសចរណ៍” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារ “ខ” តំណាងផ្នែកឯកជន ដោយបានលើកឡើងពីបញ្ហាប្រឈមធំៗចំនួន៥។
កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ អនុសហប្រធានក្រុមការងារ “ខ” តំណាងផ្នែកឯកជន, តំណាងសហព័ន្ធទេសចរណ៍កម្ពុជា, តំណាងសមាគមសហគមន៍ចុងភៅកម្ពុជា, តំណាងសមាគមសណ្ឋារគារនៅកម្ពុជា និងតំណាងក្រុមហ៊ុន ឯកជនពាក់ព័ន្ធក្នុងវិស័យទេសចរណ៍មួយចំនួនទៀតផងដែរ។
កិច្ចប្រជុំនេះមានគោលបំណង ដើម្បីបន្តធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមដែលនៅសេសសល់ និងបន្តលើកឡើងនូវបញ្ហាប្រឈមថ្មីៗបន្ថែមទៀតក្នុងវិស័យទេសចរណ៍ ដើម្បីដាក់ស្នើសុំដំណោះស្រាយជាមួយនឹងដៃគូ គឺក្រសួងទេសចរណ៍ នាពេលខាងមុខនេះ។
ជាលទ្ធផល កិច្ចប្រជុំបានធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមមួយចំនួនរួមមាន៖ ១.បញ្ហាទិដ្ឋាការធុរកិច្ច ២. បញ្ហាសំរាមនៅក្រុងព្រះសីហនុ ៣. បញ្ហាពន្ធអាករពិសេសសម្រាប់វិស័យទេសចរណ៍ ៤. បញ្ហាការពង្រីកទីផ្សារទេសចរណ៍សម្រាប់ទីផ្សារប្រទេសរុស្សី និងប្រទេសឥណ្ឌា ៥. បញ្ហាថ្លៃសេវាបង់នៅច្រកកម្ពុជា-វៀតណាមសម្រាប់ក្រុមហ៊ុនដឹកជញ្ជូនទេសចរណ៍ រួមនឹងបញ្ហាប្រឈមមួយចំនួនផ្សេងទៀតផងដែរ៕








