ខេត្តក្រចេះត្រៀមស្វាគមន៍បុណ្យទន្លេជាមួយនឹងផលប្រយោជន៍ ចំនួន៥

ដោយៈ ម៉ាណា

    ក្រចេះ, នៅខេត្តក្រចេះ បាននិងកំពុងត្រៀមខ្លួនប្រារពពិធីបុណ្យទន្លេលើកទី១០ ដែលបង្ហាញពីសក្តានុពលទេសចរណ៍ធម្មជាតិ វប្បធម៌ដ៏រុងរឿង និងជីវភាពរស់នៅតាមដងទន្លេ របស់ប្រជាពលរដ្ឋកម្ពុជានៃខេត្តក្រចេះ។

លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំបុណ្យទន្លេ លើកទី១០ ឆ្នាំ២០២៦  រួមជាមួយឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ អញ្ជើ​ញដឹកនាំក្រុមការងារចុះពិនិត្យ ទីតាំងប្រារព្ធព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នៅតាមបណ្តោយមាត់ទន្លេខេត្តក្រចេះ ក្រោមប្រធានបទ  “ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល” ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសរំលេចថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចចូលរួមកម្សាន្តជាមួយសកម្មភាពជាច្រើន ដូចជា ការតាំងពិព័រណ៍ផលិតផលក្នុងស្រុក ការសម្តែងសិល្បៈវប្បធម៌ប្រពៃណី កីឡា និងកម្មវិធីកម្សាន្តជាច្រើនទៀត ពោលគឺព្រឹត្តិការណ៍នេះ ជាវេទិកាសំខាន់មួយ សម្រាប់ផ្សព្វផ្សាយសម្រស់ទេសភាព និងសក្តានុពលទេសចរណ៍របស់ខេត្តក្រចេះ ឱ្យកាន់តែទូលំទូលាយផងដែរ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានគូសរំលេចបន្ថែមថា ព្រឹត្តិ​ការណ៍បុណ្យទន្លេ គឺជាព្រឹត្តិការណ៍ទេសចរណ៍ដ៏សំខាន់មួយ សម្រាប់កម្ពុជា ដែលមិនត្រឹមតែចូលរួមចំណែក ក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ នៃខេត្តជាប់ដងទន្លេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការយកចិត្តទុកដាក់អភិវឌ្ឍតំបន់តាមដងទន្លេប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ។

ក្នុងន័យនេះ បុណ្យទន្លេ មិនត្រឹមតែជាព្រឹត្តិការណ៍មួយសម្រាប់ខេត្តជាម្ចាស់ផ្ទះប៉ុណ្ណោះទេ  ប៉ុន្តែបានផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនទាំងដោយផ្ទាល់ និងដោយប្រយោល ដូចជា៖ទី១-បង្ហាញពីសាមគ្គីភាពរឹងមាំគ្រប់តួអង្គពាក់ព័ន្ធ តាម “អភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ”។ ទី២-ជំរុញការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ច។ ទី៣-លើកកម្ពស់ការអភិវឌ្ឍបៃតង ដែលមានការគិតគូរអំពីធនធានវប្បធម៌ (ភាពជាខ្មែរ) ធម្មជាតិ និងបរិស្ថាន ទី៤-លើកកម្ពស់ការអប់រំ និងការយល់ដឹង និងទី៥-លើកកម្ពស់វិស័យទេស​ចរណ៍ តាមរយៈព្រឹត្តិការណ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here