សេដ្ឋកិច្ចអាមេរិកនឹងហក់ឡើងកាន់តែលឿនក្រោយលោកJoe Bidenឡើងកាន់ដំណែង

ដោយៈសុខុម

ញូវយ៉ក:  ធនាគារវិនិយោគដ៏ធំរបស់សហរដ្ឋអាមេរិក Goldman Sachs បានលើកឡើងថា សេដ្ឋកិច្ចអាមេរិកនឹងហក់ឡើងខ្ពស់វិញ បន្ទាប់ពីលោកJoe Bidenឡើងកាន់ដំណែងជាផ្លូវការ ដែលជាបេក្ខជនគណបក្សប្រជាធិបតេយ្យ ដែលគណបក្សនេះកាន់កាប់ដំណែងភាគច្រើននៅព្រឹទ្ឋសភា។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃ៧ មករា។

កាលពីល្ងាចថ្ងៃពុធ ទី៦ មករា ធនាគារនេះបានធ្វើការព្យាករជាថ្មីអំពីកំណើន GDP (ផលិតផលក្នុងស្រុកសរុប) និងអត្រាគ្មានការងារធ្វើសម្រាប់ឆ្នាំ២០២១ បន្ទាប់ពីសារព័ត៌​មានCNN និងស្ថាប័នព័ត៌មានផ្សេងៗទៀតបានព្យាករថា គណបក្សប្រជាធិបតេយ្យនឹងកាន់កាប់វិមានព្រឹទ្ធសភាអាមេរិក ដោយនិយាយថា គណបក្សនេះនឹងមានសំឡេងឆ្នោតគ្រប់គ្រាន់ ក្នុងការបញ្ចេញកញ្ចប់ថវិកាសង្គ្រោះ រាប់រយពាន់លានដុល្លារបន្ថែមទៀត ដើម្បីជួយស្ដារសេដ្ឋកិច្ច ដែលរងផលប៉ះពាល់ខ្លាំង ដោយសារការឆ្លងរាតត្បាតវីរុសកូវីដ-១៩ កាន់តែធ្ងន់ធ្ងរឡើងៗ។

ក្រុមសេដ្ឋវិទូប្រចាំធនាគារ Goldman Sachs បានសរសេរថា “គណបក្សប្រជាធិបតេយ្យ ទំនងជាអនុម័តកញ្ចប់ថវិកាសេដ្ឋកិច្ចបន្ថែមទៀតនៅក្នុងត្រីមាសតី១”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គំនិតសុទិដ្ឋនិយមពីសេដ្ឋវិទូទាំងនេះ បានជួយស្រាយបំភ្លឺចម្ងល់ជុំវិញ ការដែលបណ្ដាវិនិយោគិនភាគច្រើន មិនសូវភ្ញាក់ផ្អើលចំពោះស្ថានការណ៍ចលាចល ដែលធ្វើឱ្យកក្រើកក្រុងវ៉ាស៊ីនតោន។

ផ្សារភាគហ៊ុន Dow Jones បានហក់ឡើងខ្ពស់មិនធ្លាប់មាន កាលពីថ្ងៃពុធទី៥ មករា បន្ទាប់ពីក្រុមអ្នកគាំទ្រប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រុកចូលកាន់កាប់វិមានកាពីតូល (វិមានសភាអាមេរិក)។

ពេលនេះធនាគារ Goldman Sachs បានព្យាករថា សេដ្ឋកិច្ចអាមេរិក នឹងទទួលបានកំណើនGDP ៦,៤% ក្នុងឆ្នាំ២០២១ ដែលកើនឡើងពីការព្យាករមុននេះ៥,៩%។

កំណើនកាន់តែឆាប់រហ័សនេះ ក៏នឹងជួយផ្ដល់ឱកាសការងារបន្ថែម ជាជាងឱកាសបញ្ឈប់បុគ្គលិកពីការងារ។ ពេលនេះWall Street រំពឹងថា អត្រាគ្មានការងារធ្វើនឹងធ្លាក់ចុះមកនៅត្រឹម៤,៨% ត្រឹមដំណាច់ឆ្នាំ២០២១ និង៣,៩% ត្រឹមដំណាច់ឆ្នាំ២០២៣។

ទន្ទឹមនេះ ធនាគារវិនិយោគអាមេរិក Morgan Stanley ក៏មានសុទិដ្ឋនិយមចំពោះសេដ្ឋកិច្ចនេះដែរ ដោយព្យាករថា សេដ្ឋកិច្ចអាមេរិកនឹងទទួលបានកំណើន GDP ៥,៩% ក្នុងឆ្នាំ២០២១៕

LEAVE A REPLY

Please enter your comment!
Please enter your name here