កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូងគ្រោងបញ្ចប់ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ

ដោយៈសាវុធ

ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្តិ បានបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េខាងត្បូង គ្រោងនឹងបញ្ចប់ជាផ្លូវការ នៅក្នុងឆ្នាំ២០២១នេះ ខណៈកិច្ចព្រមព្រៀងនេះរំពឹងទុកថានឹងជំរុញពាណិជ្ជទ្វេភាគីបន្ថែម។

លោកបានមានប្រសាសន៍កាលពីម្សិលម៉ិញថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង នឹងរួចរាល់ក្នុងរយៈពេលដ៏ខ្លីខាងមុខដូចគ្នាដែរ ហើយក្រុមការងារពាក់ព័ន្ធបានត្រៀមការងារជាច្រើន ដើម្បីពិនិត្យមើល និងយកទៅពិភាក្សាបន្ថែមជាមួយគណៈកម្មាធិការជាតិគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

កិច្ចប្រជុំស្តីពីការចរចាពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េខាងត្បូងជុំទី៤រយៈពេ​ល៣ថ្ងៃ កាលពីខែវិច្ឆិកា ឆ្នាំ២០២០ ដែលកិច្ចចចារនេះ ផ្តោតលើច្បាប់ទូទៅប្រភពដើមនៃទំនិញ ការលុបបំបាត់គយ ការចូលទៅកាន់ទីផ្សារ និងបញ្ហាផ្សេងទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ភាគីទាំងពីរ បានធ្វើកិច្ចចរចាចំនួន៣លើករួចមកហើយស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី នៅឆ្នាំ២០២០។ ការចរចាលើកទី១ រវាងប្រទេសទាំងពីរ បានធ្វើឡើងក្នុងខែកក្កដា ការចរចារជុំទី២ ចាប់ពីថ្ងៃទី៣១ ខែសីហាដល់ថ្ងៃទី២ ខែកញ្ញា និងកិច្ចប្រជុំលើកទី៣ នៅដើមខែតុលាកន្លងមនេះ។

មន្ត្រីជាន់ខ្ពស់របស់កូរ៉េត្បូងមួយរូបបានធ្លាប់និយាយថា “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសកម្ពុជា នឹងអនុញ្ញាតឱ្យក្រុមហ៊ុនកូរ៉េខាងត្បូង នូវការចូលទៅកាន់ទីផ្សារកម្ពុជា ដែលកំពុងរីកចម្រើន”។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា និងកូរ៉េ ជាលទ្ធផលការចរចាផ្ដោតទៅលើការបើកច្រកទីផ្សារ និងអត្ថបទកិច្ចព្រមព្រៀងទាំងមូល ដែលគ្របដណ្ដប់លើជំពូកស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មផ្នែកទំនិញ វិធានប្រភពដើមទំនិញ វិធានជាក់លាក់សម្រាប់ផលិតផល បែបបទគយ និងកិច្ចសម្រួលពាណិជ្ជកម្ម និងបញ្ហាច្បាប់ និងស្ថាប័ន។

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូងមានតម្លៃ៧៩៨លានដុល្លារ ក្នុងរយៈពេល១១ខែដំបូង ឆ្នាំ២០២០។ នេះបើយោងតាមតួលេខពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (KITA)៕

LEAVE A REPLY

Please enter your comment!
Please enter your name here