ដោយ: ម៉ាណេត
ភ្នំពេញ: ធនាគារហត្ថា និងក្រុមហ៊ុន ស៊ី អេស អេហ្រ្គីខលឆឺរ័ល ឌីវេឡុបម៉ិន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីជំរុញការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាឱ្យកាន់តែប្រសើរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារហត្ថានៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាង ធនាគារ ហត្ថា និងក្រុមហ៊ុន ស៊ី អេស អេហ្រ្គីខលឆឺរ័ល ឌីវេឡុបម៉ិន ត្រូវបានធ្វើឡើងកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ ក្រោមអធិបតីភាពលោកឧកញ៉ាហួត អៀងតុងប្រធានអគ្គនាយកធនាគារ ហត្ថា និងលោកហួរ ស្រេងអគ្គនាយកក្រុមហ៊ុន ស៊ី អេស អេហ្រ្គីខលឆឺរ័ល ឌីវេឡុបម៉ិន។
លោកឧកញ៉ាហួត អៀងតុង ប្រធានអគ្គនាយកធនាគារហត្ថា បានប្រាប់គេទំព័រ Cambodiafinancialtime.comកាលពីថ្មីៗថា ថ្នាក់ដឹកនាំរបស់ធនាគារហត្ថា បានរួមគ្នារៀបចំយុទ្ធសាស្ត្រ ដើម្បីត្រៀមខ្លួនក្នុងការបញ្ចេញផលិតផលហិរញ្ញវត្ថុថ្មី នៅលើទីផ្សារកម្ពុជា ពិសេសវិស័យកសិកម្ម។
លោកឧកញ៉ាបានថ្លែងថា “យើងបានជជែកគ្នាជាមួយថ្នាក់ដឹកនាំ របស់ធនាគារ ហត្ថាសម្រាប់គម្រោងរបស់យើងនៅឆ្នាំក្រោយ ហើយយើងគិតថា សេដ្ឋកិច្ចយើងនឹងមានកំណើនឡើងវិញនៅឆ្នាំក្រោយ”។ លោកឧកញ៉ាបានបន្តថា “យើងនឹងធ្វើការផ្តោតអារម្មណ៍ច្រើន ទៅលើការវិនិយោគលើវិស័យកសិកម្ម។ វាមានន័យថាយើងគាំទ្រ ហើយនឹងបញ្ចេញឥណទាន លើវិស័យកសិកម្មឱ្យបានកាន់តែច្រើន ដើម្បីចូលរួមជំរុញនិងលើកកម្ពស់ផលិតផលកសិកម្មរបស់ប្រទេសកម្ពុជាយើង”។
លោកឧកញ៉ាហួត អៀងតុងបានបន្ថែមទៀតថា “ឥណទានរបស់យើងបានផ្តល់ដល់វិស័យកសិកម្មចំនួន២៦ភាគរយកាលពីឆ្នាំមុន និងអាចដំឡើងដល់៤០ភាគរយ ព្រោះយើងនឹងអាចចាប់ដៃគូជាមួយក្រុមហ៊ុន ឬស្ថាប័ន ដែលធ្វើការងារពាក់ព័ន្ធនឹងវិស័យកសិកម្ម”៕







