World Bank ព្យាករថា សេដ្ឋកិច្ចពិភពលោកនឹងទទួលបានកំណើន៤%ក្នុងឆ្នាំ២០២១

ដោយ: សុខុម

វ៉ាស៊ីនតោន: ធនាគារពិភពលោក (World Bank) កាលពីថ្ងៃអង្គារ ទី៥ ខែមករា បានព្យាករថា សេដ្ឋកិច្ចពិភពលោកនឹងទទួលបានកំណើន ៤% ក្នុងឆ្នាំ២០២១ បន្ទាប់ពីធ្លាក់ចុះ ៤,៣% ក្នុងឆ្នាំ២០២០។

ទោះជាយ៉ាងណា ធនាគារនេះក៏បានព្រមានដែរថា ការកើនឡើងករណីឆ្លងវីរុសកូវីដ-១៩ និងការពន្យារពេលចែកចាយវ៉ាក់សាំងអាចនឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចធ្លាក់មកនៅត្រឹម ១,៦% សម្រាប់ឆ្នាំនេះ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការព្យាករពាក់កណ្ដាលឆ្នាំរបស់ធនាគារពិភពលោកនេះបានបង្ហាញថា ការឆ្លងរាតត្បាតវីរុសកូវីដ-១៩ មានស្ថានភាពធូរស្រាលជាងបន្តិចធៀបនឹងការព្យាករមុននេះ ប៉ុន្តែការងើបឡើងនៃសេដ្ឋកិច្ចនៅតែប្រឈមហានិភ័យខ្លាំង។

ធនាគារពិភពលោកបានចេញសេចក្ដីថ្លែងការណ៍ថា “ការប្រមើលមើលរយៈពេលខ្លីមានភាពមិនប្រាកដប្រជាខ្ពស់ណាស់។ សេណារីយោធ្លាក់ចុះដោយសារការឆ្លងបន្តកើនឡើង ហើយការចែកចាយវ៉ាក់សាំងត្រូវបានពន្យារពេល អាចនឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចពិភពលោកធ្លាក់មកនៅត្រឹម ១,៦% ក្នុងឆ្នាំ២០២១”។

ស្ថាប័នមួយនេះបានលើកឡើងក្នុងរបាយការណ៍ “ទស្សនៈវិស័យសេដ្ឋកិច្ចពិភពលោក” (Global Economic Prospects) ចុងក្រោយរបស់ខ្លួនថា ដោយសារការគ្រប់គ្រងការឆ្លងរាតត្បាតទទួលបានជោគជ័យ និងដំណើរការផលិតវ៉ាក់សាំងឆាប់រហ័សជាការរំពឹងទុក សេដ្ឋកិច្ចពិភពលោកអាចនឹងទទួលបានកំណើនជិត ៥%។

យោងតាមទិន្នន័យបង្ហាញថា មនុស្សរហូតដល់ទៅជាង ៨៥ លាននាក់បានឆ្លងវីរុសកូវីដ-១៩ ហើយជិត ១,៨៥ លាននាក់បានបាត់បង់ជីវិតនៅទូទាំងពិភពលោក ចាប់តាំងពីករណីឆ្លងដំបូងត្រូវបានរកឃើញនៅប្រទេសចិន ក្នុងខែធ្នូ ឆ្នាំ២០១៩ មក។

ធនាគារពិភពលោកបានធ្វើការកត់សម្គាល់ថា ការឆ្លងរាតត្បាតទំនងជាជះផលប៉ះពាល់រយៈពេលវែងមកលើសេដ្ឋកិច្ចពិភពលោក ប្រសិនបើគ្មានកំណែទម្រង់គ្រប់ជ្រុងជ្រោយទេនោះ។

តាមការរំពឹងទុកថា ផលិតផលក្នុងស្រុកសរុប (GDP) នៅក្នុងទីផ្សារកំពុងអភិវឌ្ឍន៍ខ្លាំង និងសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ រួមទាំងប្រទេសចិន ផង នឹងកើនឡើង ៥% ក្នុងឆ្នាំ២០២១ បន្ទាប់ពីធ្លាក់ចុះ ២,៦% ក្នុងឆ្នាំ២០២០។

ធនាគារនេះលើកឡើងថា សេដ្ឋកិច្ចរបស់ចិន ត្រូវបានរំពឹងថានឹងកើនឡើង ៧,៩% នៅឆ្នាំនេះ បន្ទាប់ពីទទួលបានកំណើន ២% ក្នុងឆ្នាំ២០២០។ លើកលែងប្រទេសចិន មួយចេញ ទីផ្សារកំពុងអភិវឌ្ឍន៍ខ្លាំង និងសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ត្រូវបានរំពឹងថានឹងទទួលបានកំណើន ៣,៤% ក្នុងឆ្នាំ២០២១ បន្ទាប់ពីធ្លាក់ចុះ ៥% ក្នុងឆ្នាំ២០២០៕

LEAVE A REPLY

Please enter your comment!
Please enter your name here