កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជាចិនរំពឹងចូលជាធរមាននៅរយៈពេលបីឬបួនខែទៀត

ដោយ: លក្ខិណា

ភ្នំពេញ: កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងកម្ពុជា និងចិន ដែលបានចុះហត្ថលេខាកាលពីអំឡុងចុងឆ្នាំ២០២០កន្លងទៅនេះ អាចនឹងចូលជាធរមាននៅក្នុងឆ្នាំ២០២១នេះក្នុងរយៈពេលប្រមាណពី៣ទៅ៤ខែទៀត ហើយជាពេលវេលា ដែលកម្ពុជាទន្ទឹងរង់ចាំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់នេះផងដែរ។

លោកប៉ាន សូរស័ក្តរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២០នេះថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជានិងចិន បានចុះហត្ថលេខារួចហើយរវាងរដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសទាំងពីរ ហើយឯកសារនៃការចុះហត្ថលេខាក៏កម្ពុជាបានទទួលរួចហើយដែរ តាមប្រព័ន្ធអេឡិចត្រូនិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា បច្ចុប្បន្ននេះ ក្រសួងពាណិជ្ជកម្មកម្ពុជាកំពុងជំរុញ និងស្នើសេចក្តីអនុម័តពីស្ថាប័ន រដ្ឋសភា និងព្រឹទ្ធសភា ហើយនៅពេលស្ថាប័នទាំងពីរ អនុម័តរួចរាល់ ពេលនោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៃប្រទេសទាំងពីរនឹងចាប់ផ្ដើមចូលជាធរមាន។

លោកបានថ្លែងថា “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន នឹងត្រូវចូលជាធរមានក្នុងឆ្នាំ២០២១នេះ ពិតប្រាកដ១០០ភាគរយ ហើយរយៈពេលប៉ុនណានោះ មិនទាន់ជាក់លាក់នៅឡើយទេ តែវាត្រូវប្រើប្រមាណពីរ៣ទៅ៤ខែទៀត នឹងត្រូវចូលជាធរមានជាផ្លូវការតែម្ដង”។

លោកកបន្ថែមថា ពេលនេះ ក្រសួងពាណិជ្ជកម្មបានត្រៀមការងារជាច្រើន ជាពិសេសកំពុងពិនិត្យមើលថា តើផលិតផលណា ដែលមានសក្ដានុពលក្នុងការនាំចេញ និងចំណេញ ទៅកាន់ទីផ្សារប្រទេសចិន។

លោកបន្ថែមទៀតថា នៅក្នុងឆ្នាំ២០២១នេះ កម្ពុជានឹងទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសំខាន់៣ ក្នុងនោះ រួមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា កូរ៉េ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីភាពជាដៃគូគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។

តាមការបញ្ជាក់របស់លោកស៊ាង ថៃអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា កម្ពុជាក៏បានត្រៀមចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្ដាប្រទេសនិងទីផ្សារជាច្រើនទៀត ក្រៅពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា កូរ៉េដែលកំពុងចរចា។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នឹងផ្ដល់ឱ្យកម្ពុជានូវការនាំចេញទំនិញបន្ថែម ទទួលបានការវិនិយោគពីប្រទេសជាដៃគូបន្ថែមទៀតផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here