ចិននិងមីយ៉ាន់ម៉ាចាប់ផ្ដើមបើកច្រកពាណិជ្ជកម្មឆ្លងដែនឡើងវិញនៅថ្ងៃនេះ

ដោយ:សុខុម

មីយ៉ាន់ម៉ា: យោងតាមកាសែត Myanmar Times ចុះផ្សាយកាលពីថ្ងៃទី៥ ខែមករានេះ ឱ្យដឹងថា ច្រករបៀងសេដ្ឋកិច្ច Muse-Man Wein Gate ដែលមានសារៈសំខាន់ខ្លាំងសម្រាប់ពាណិជ្ជកម្មតាមព្រំដែន និងទំនិញចេញចូលរវាងប្រទេសមីយ៉ាន់ម៉ា និងប្រទេសចិន នឹងបើករយៈពេល២៤ម៉ោង សម្រាប់រយៈពេលសាកល្បង១០ថ្ងៃ ចាប់ពីថ្ងៃទី៥ ខែមករានេះ។

លោក U L Soe Htan Htoo ប្រធានការិយាល័យព័ត៌មានស្រុក Muse ស្ថិតក្នុងរដ្ឋ Shan ប្រទេសមីយ៉ាន់ម៉ា បានថ្លែងថា “ប្រសិនបើវិធានការទប់ស្កាត់ការឆ្លងរាតត្បាតវីរុសកូវីដ-១៩ ទទួលបានជោគជ័យ ច្រករបៀងសេដ្ឋកិច្ចនេះនឹងបន្តដំណើរការជាធម្មតា។ ច្រករបៀងសេដ្ឋកិច្ចផ្សេងៗទៀត ដូចជាច្រក Sin Phyu Gate ច្រក Kyin Kyawt Gate និងច្រក Wanding Gate ជាដើមក៏កំពុងត្រៀមរៀបចំបើកឡើងវិញដែរ”។

ច្រក Man Wein Gate ច្រក Kyin San Kyawt Gate ច្រក Wanding Gate និងច្រក Pangsang Gate ក្នុងស្រុក Muse ពេលនេះ កំពុងតែបើកពីម៉ោង៦:៣០ព្រឹក ដល់ម៉ោង១០:០០យប់ ហើយដោយសារមានការពន្យារពេលដឹកជញ្ជូនទំនិញ ច្រក Man Wein Gate នឹងបើករយៈពេល២៤ម៉ោង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក U Min Thein អនុប្រធានការិយាល័យបច្ចេកទេសគយស្រុក Muse បានបញ្ជាក់ថា បច្ចុប្បន្ន មានរថយន្តដឹកជំនិញប្រមាណ១២០គ្រឿង ឆ្លងកាត់រវាងប្រទេសមីយ៉ាន់ម៉ា និងប្រទេសចិន នៅច្រក Man Wein Gate ក្នុងមួយថ្ងៃ ហើយប្រសិនបើបើករយៈពេល២៤ម៉ោង ចំនួនរថយន្តប្រហែលជាកើនឡើងដល់៣០០គ្រឿង ក្នុងមួយថ្ងៃ។

លោកបានបន្ថែមថា “កាលពីមុន ការដឹកជញ្ជូនត្រូវចំណាយពេលប្រហែល១០ថ្ងៃ ក្នុងការឆ្លងកាត់ពីស្រុក Muse ទៅកាន់ប្រទេសចិន ប៉ុន្តែប្រសិនបើច្រក Man Wein បើករយៈពេល២៤ម៉ោង ការដឹកជញ្ជូននឹងប្រើពេលតែប្រមាណ៣ ទៅ៤ថ្ងៃប៉ុណ្ណោះ”។

ទោះជាយ៉ាងណា ប្រទេសទាំងពីរនឹងត្រូវទទួលខុសត្រូវចំពោះតៃកុងរថយន្តដឹកជំនិញ និងធានាថា ពួកគេគោរពតាមគោលការណ៍ណែនាំអំពីវីរុសកូវីដ-១៩ ឱ្យបានខ្ជាប់ខ្ជួន អំឡុងរយៈពេលសាកល្បងនេះ។

ច្រករបៀងសេដ្ឋកិច្ច Man Wein Gate គឺព្រំដែនដ៏សំខាន់បំផុតមួយសម្រាប់ទំនិញដូចជាស្រូវអង្ករ សណ្ដែក ស្ករស ចំណីអាហារ គ្រឿងសមុទ្រ និងផលិតផលកសិកម្មផ្សេងៗ។ ទំហំពាណិជ្ជកម្មសរុប៤,៨៦ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះការនាំចេញមានទំហំ៣ពាន់លានដុល្លារ និងសល់ប៉ុន្មានជាទំហំនាំចូល ត្រូវបានធ្វើឡើងនៅក្នុងស្រុក Muse ក្នុងឆ្នាំសារពើពន្ធ ២០១៩-២០២០។

មន្ត្រីមួយរូបបានបង្ហើបថា ក្រៅពីបើកច្រករបៀងសេដ្ឋកិច្ចនៅក្នុងប្រទេសមីយ៉ាន់ម៉ា ព្រំដែនឥណ្ឌា ក៏នឹងបើកដំណើរការឡើងវិញដែរចាប់ពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២០៕

LEAVE A REPLY

Please enter your comment!
Please enter your name here