លោកអ៊ិន ចាន់នី: ក្នុងស្ថានភាពលំបាក ត្រូវចេះកែច្នៃមកស្ថានភាពងាយស្រួលវិញដើម្បីរក្សាលំនឹងអាជីវកម្ម

ដោយ: លក្ខិណា

ភ្នំពេញ:លោកបណ្ឌិតអ៊ិន ចាន់នីប្រធានសមាគមធនាគារនៅកម្ពុជាបានលើកឡើងថា ក្នុងពេលជួបវិបត្តិ ឬជួបស្ថានភាពដែលពិបាក ម្ចាស់អាជីវកម្មមួយចំនួនបានកែខៃស្ថានភាពពីពិបាកទៅរកស្ថានភាពមួយស្រួលវិញ ដើម្បីរក្សាលំនឹងអាជីវកម្មមិនឱ្យបាត់បង់ ឬមិនជួបនឹងវិបត្តិ។

លោកបណ្ឌិតអ៊ិន ចាន់នីប្រធានសមាគមធនាគារនៅកម្ពុជាមានប្រសាសន៍ថា ក្នុងស្ថានភាព លំបាក ត្រូវចេះកែខៃមករកស្ថានភាពដែលងាយស្រួលហើយកុំចាំដល់ស្ថានភាពនោះត្រលប់ទៅរកភាពងាយស្រួលដោយខ្លួនឯង។

លោកបន្តថា នៅក្នុងពេលកម្ពុជាក៏ដូចជាពិភពលោកជួបប្រទះនឹងស្ថានភាពលំបាកដោយសារតែកូវីដ១៩ ម្ចាស់អាជីវកម្មមួយចំនួនបានកែច្នៃស្ថានភាពនោះ ឱ្យមានភាពងាយស្រួលវិញ ដោយមិនឱ្យអតិថិជនរបស់ខ្លួនមានផលពិបាកនោះទេ ជាក់ស្ដែងក្នុងពេលដែលប្រទេសជាច្រើនត្រូវបានបិទ ឬរឹតបន្តឹងការចេញចូល សូម្បីតែក្នុងប្រទេសនោះ អាជីវកម្មដឹកជញ្ជូនទំនិញ និងអាហារបានបង្កើតឡើង ដើម្បីផ្ដល់សេវាកម្មជូនពលរដ្ឋ ហើយវាជាឱកាសរកប្រាក់ចំណេញដោយមានភាពងាយស្រួល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា ការធ្វើអាជីវកម្មអ្វីមួយត្រូវគិតពីជ្រុងហានិភ័យ ព្រោះការបង្កើតអាជីវកម្មអ្វីមួយ យើងមិនអាចដឹងពីហានិភ័យអ្វីដែលនឹងកើតឡើងនៅពេលខាងមុខនេះទេ តែម្ចាស់អាជីវកម្មដែលឆ្លាតគឺត្រូវចេះរកហានិភ័យដើម្បីទប់ស្កាត់វា កុំឱ្យមានផលប៉ះពាល់ ។

សម្រាប់វិស័យធនាគារក៏ដូច្នោះដែរ បើសិនជាជួបស្ថានភាពពិបាក ហើយមិនកែខៃទៅរកស្ថានភាពល្អវិញ និងចេះតែរង់ចាំឱ្យស្ថានភាពអាក្រក់ត្រលប់ទៅរកស្ថានភាពល្អដោយខ្លួនឯង គឺវាមិនងាយនោះទេ ។

លោកបានថ្លែងថា “នៅក្នុងស្ថានភាពជួបវិបត្តិនៃជំងឺកូវីដ១៩ ដែលមនុស្សម្នាពិបាកក្នុងការធ្វើប្រាស្រ័យទាក់ទងគ្នា ការធ្វើទំនាក់ទំនងតាមអនឡានក៏កើនឡើងជាមុន ជាមួយនឹងកំណើននៃការទូទាត់តាមបច្ចេកវិទ្យាអេឡិចត្រូនិកផងដែរ ហើយក៏ជាអ្វីដែលវិស័យធនាគារចង់បានយូរហើយ”។

សេដ្ឋកិច្ចវិទូជាច្រើនក៏បានផ្ដល់ជាទស្សនស្រដៀងគ្នាដែរនេះដែរ ពាក់ព័ន្ធនឹងកែប្រែ កែខៃ ឬហៅថាពិពិធកម្មដើម្បីរក្សាលំនឹង ជាក់ស្ដែងការធ្វើពាណិជ្ជកម្ម ធ្វើមុខជំនួញអ្វីមួយ ក៏ត្រូវមានការផ្លាស់ប្តូរជារៀងរាល់ពេលរាល់ឆ្នាំ ដោយមិនរក្សានូវសកម្មភាពដដែលៗនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here