ដោយៈ ម៉ាណា
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកហួត ហាក់បានបើកកិច្ចប្រជុំអង្គភាពប្រតិបត្តិ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ពិសេសការលើកលែងទិដ្ឋាការ សម្រាប់ភ្ញៀវទេសចរណ៍ចិន។
លោកហួត ហាក់ក៏ជាប្រធានក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ.)ផងដែរ។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងពិនិត្យ អំពីវឌ្ឍនភាពការងាររបស់អង្គភាពប្រតិបត្តិ ពិភាក្សាអំពីសេចក្តីព្រាងផែនការយុទ្ធសាស្ត្រទីផ្សារ និងផែនការសកម្មភាពជាក់សែ្តង ដើម្បីជំរុញការផ្សព្វផ្សាយទេសចរណ៍កម្ពុជា ទៅកាន់ទីផ្សារចិនក្នុងអំឡុងពេលនៃការអនុវត្តសាកល្បង ការលើកលែងទិដ្ឋាការដល់ពលរដ្ឋចិន ដែលចូលមកកម្ពុជា ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២៦ សម្រាប់ជាមូលដ្ឋាននៃការរៀបចំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ ក.ផ.ផ. ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦៕









