ប្រធាន World Bank ជំរុញការផ្តល់វ៉ាក់សាំងកូវីដ១៩ ដល់ប្រជាជនជុំវិញពិភពលោករហូត១ពាន់លាននាក់

ដោយ: សាវុធ

ភ្នំពេញ: ជំងឺកូវីដ១៩ កំពុងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់វិស័យសុខភាពសាធារណៈ សង្គម និងសេដ្ឋកិច្ចនៅជុំវិញពិភពលោក ខណៈជំងឺរាតត្បាតនេះអាចជំរុញឱ្យប្រជាជនរហូតដល់១៥០លាននាក់ ធ្លាក់ចូលក្នុងភាពក្រីក្រខ្លាំងនៅចុងឆ្នាំ២០២១ ហើយសេដ្ឋកិច្ចប្រទេសជាច្រើនមិនអាចងើបឡើងវិញបានទេ រហូតដល់ប្រជាជនទាំងអស់អាចរស់នៅដោយមានទំនុកចិត្ត។

លោក David Malpass ប្រធានធនាគារពិភពលោក (World Bank Group) បានសរសេរលើបណ្តាញសង្គម Twitter នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ថា ដើម្បីជួយសង្គ្រោះជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាជីវិតប្រជាជន យើងចាំបាច់ត្រូវផ្តល់វ៉ាក់សាំងឱ្យប្រជាជន ឱ្យបានឆាប់តាមដែលអាចរកបាន។ ការផ្តល់ជូនវ៉ាក់សាំងខ្នាតធំ ដែលមិនធ្លាប់មានពីមុនមក នៅជុំវិញសកលលោក នឹងនាំឱ្យមានការប្រកួតប្រជែងយ៉ាងខ្លាំង ជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទាំងក្រុមហ៊ុន Pfizer-BioNTech និង Moderna បានប្រកាសថា វ៉ាក់សាំងអាចនឹងមានឆាប់ៗនេះ ខណៈលទ្ធផលនៃការសាកល្បងវ៉ាក់សាំងផ្សេងៗទៀតគឺក៏ជិតផ្លែផ្កាផងដែរ។ ដូច្នេះសំណួរត្រូវបានផ្លាស់ប្តូរពី ប្រសិនបើយើងមានវ៉ាក់សាំង ទៅជាសំណួរ ពេលណា និងរបៀបដែលយើងអាចផ្តល់ជូនប្រជាជននៅគ្រប់ទីកន្លែង។

លោក David Malpass បានថ្លែងថា យើងចង់ធ្វើឱ្យប្រាកដថា បណ្តាប្រទេស ដែលមានប្រាក់ចំណូលទាប និងមធ្យមមានសិទ្ធិទទួលបានវ៉ាក់សាំងដោយស្មើភាព និងមានអាទិភាពសម្រាប់ប្រជាជន ដែលត្រូវការវាជាបន្ទាន់។ នៅប្រទេសជាច្រើន យើងក៏ត្រូវពង្រឹងប្រព័ន្ធសុខាភិបាល និងកសាងសមត្ថភាពខាងដឹកនាំសាស្ត្រសម្រាប់ការចាក់វ៉ាក់សាំង ដើម្បីទទួលបានជោគជ័យ។

ក្រុមធនាគារពិភពលោកដើរតួនាទីយ៉ាងសំខាន់ ក្នុងការបំពេញកិច្ចការនេះ។ កាលពីខែតុលា ធនាគារពិភពលោកបានអនុម័តទំហំទឹកប្រាក់រហូតដល់១២ពាន់លានដុល្លារ ដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍ទិញ និងចែកចាយវ៉ាក់សាំង ការធ្វើតេស្ត និងការព្យាបាល។

លោក David Malpass សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដែលជាក្រុមហ៊ុនអភិវឌ្ឍវិស័យឯកជនរបស់យើងផ្តល់ប្រាក់ចំនួន៤ពាន់លានដុល្លារ សម្រាប់ក្រុមហ៊ុនផលិតវ៉ាក់សាំង និងការផ្គត់ផ្គង់ពាក់ព័ន្ធនៅក្នុងប្រទេស ដែលមានប្រាក់ចំណូលទាប និងមធ្យម។ បុគ្គលិករបស់យើងមានជំនាញរាប់ចាប់ពីសុខភាពសាធារណៈ រហូតដល់ការដឹកជញ្ចូន និងលូជីស្ទីក ហើយយើងមានវត្តមានរឹងមាំនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍នៅទូទាំងពិភពលោក។

លោកបានថ្លែងថា “យើងមានគោលបំណងគាំទ្រការចាក់វ៉ាក់សាំងដល់ប្រជាជន១ពាន់លាននាក់ ហើយនៅពេលដែលចាក់វ៉ាក់សាំងអាចនឹងបញ្ជាទិញបាន ការចែកចាយវានឹងមានភាពស្មុគស្មាញ។ ការចាក់ថ្នាំបង្ការ ទ្រង់ទ្រាយធំត្រូវការការធ្វើផែនការយ៉ាងប្រុងប្រយ័ត្ន បុគ្គលិកជំនាញ និងហេដ្ឋារចនាសម្ព័ន្ធសុខភាព ដែលអាចទុកចិត្តបាន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here