ធនាគារកណ្តាលចិនខេត្តក្វាងស៊ីស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមជាមួយធនាគារជាតិនៃកម្ពុជា

ដោយៈ ម៉ាណា

    ភ្នំពេញៈ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូធនាគារកណ្តាលចិន សាខាតំបន់ស្វយ័តក្វាងស៊ី ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យហិរញ្ញវត្ថុ។

ភាគីចិន ដឹកនាំដោយលោកប្រធាន Chen Jinxiang ប្រធានប្រតិភូធនាគារចិន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គោលបំណងនៃជំនួបនេះ ធ្វើឡើងដើម្បីលើកកម្ពស់កិច្ចសហការទ្វេភាគីឱ្យកាន់តែរឹងមាំថែមទៀត និងពង្រឹងភាពជាដៃគូយូរអង្វែងរវាងធនាគារកណ្ដាលទាំងពីរ។

កិច្ចពិភាក្សា បានផ្តោតលើប្រធានបទសំខាន់ៗ ដូចជា ការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន នវានុវត្តន៍ហិរញ្ញវត្ថុ និងការស្វែងរកកិច្ចសហការថ្មីៗថែមទៀត។

ក្នុងជំនួបនេះ លោកប្រធាន Chen Jinxiang បានលើកសសើរពីការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសការដាក់ឱ្យដំណើរការ អាកាសយាន្ដដ្ឋានអន្តរជាតិតេជោ។

លោកបានសាទរនិងវាយតម្លៃខ្ពស់ចំពោះ កិច្ចសហប្រតិបត្តិការល្អជាមួយធនាគារជាតិនៃកម្ពុជា នាពេលកន្លងមក និងបានជម្រាបជូនពីគោលបំណងពង្រីក កិច្ចសហការថែមទៀតពាក់ព័ន្ធ នឹងការចែករំលែកព័ត៌មានឥណទាន។

ជាការឆ្លើយតប លោកជំទាវ ទេសាភិបាល បានស្វាគមន៍ចំពោះគម្រោងពង្រីកកិច្ចសហការនេះ និងបានមានប្រសាសន៍ពីវឌ្ឍនភាពនៃកិច្ចសហការពាក់ព័ន្ធ នឹងការចែករំលែកព័ត៌មានឥណទាន ដែលកម្ពុជាសម្រេចបាន ជាមួយប្រទេសជាដៃគូសក្តានុពល។ បន្ថែមលើនេះ លោកជំទាវ ក៏បានថ្លែងអំណរគុណដល់ធនាគារកណ្តាលចិន សាខាតំបន់ស្វយ័តក្វាងស៊ី ដែលបានគាំទ្រដល់ការដាក់បញ្ចូលប្រាក់រៀលក្នុ ងតារាងជួញដូររូបិយប័ណ្ណ នៅតំបន់ស្វយ័តក្វាងស៊ី ការជំរុញការប្រើប្រាស់រូបិយវត្ថុជាតិរៀងខ្លួន ក្នុងការដោះដូរពាណិជ្ជកម្មទ្វេភាគី និងការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន។

បន្ទាប់ពីជំនួបនេះ លោកជំទាវក៏បានអនុញ្ញាត ឱ្យគណៈប្រតិភូជួបពិភាក្សាលម្អិត ជាមួយក្រុមការងារធនាគារជាតិនៃកម្ពុជា លើប្រ​ធានបទសំខាន់ៗមួយចំនួនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here