NBC: អត្រាអតិផរណានៅកម្ពុជារំពឹងថានឹងរក្សាបានកម្រិតក្រោម៣ភាគរយនៅឆ្នាំនេះ

ដោយ: សាវុធ

ភ្នំពេញ: អត្រាអតិផរណានៅកម្ពុជាសម្រាប់ឆ្នាំ២០២១ រំពឹងថាមានកម្រិតក្រោម៣ភាគរយ ដែលជាកម្រិតទាបអាចគ្រប់គ្រងបានជាមួយនឹងស្ថិរភាពអត្រាប្តូរប្រាក់ និងការរក្សាបានកម្រិតខ្ពស់នៃទុនបម្រុងអន្តរជាតិ។ នេះបើយោងតាមរបាយការណ៍ស្តីពីវឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ចនិងវិស័យធនាគារឆ្នាំ២០២០ និងទស្សនវិស័យឆ្នាំ២០២១ របស់ធនាគារជាតិនៃកម្ពុជា (NBC) ចេញផ្សាយកាលថ្មីៗនេះ។

NBC បានឱ្យដឹងថា អត្រាអតិផរណានៅកម្ពុជាសម្រាប់ឆ្នាំ២០២០ មានកម្រិតជាមធ្យម២,៩ភាគរយ ដោយសារកំណើនថ្លៃម្ហូបអាហារ ជាពិសេសក្នុងអំឡុងពេលមានករណីជំងឺកូវីដ-១៩ និងជំនន់ទឹកភ្លៀង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អត្រាអតិផរណា ក៏មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងការប្រែប្រួលថ្លៃប្រេងអន្តរជាតិផងដែរ ដោយការធ្លាក់ចុះថ្លៃប្រេង បានរួមចំណែកបន្ទាបអត្រាអតិផរណាគួរឱ្យកត់សម្គាល់ ខណៈដែលថ្លៃទំនិញប្រើប្រាស់ដទៃទៀត (អតិផរណាស្នូល) មានស្ថិរភាព។

ជាមួយគ្នានេះ អត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិក បានកើនឡើង ចាប់តាំងពីចុងឆ្នាំ២០១៩មក ហើយបានបន្តស្ថិតនៅលើគន្លងខ្ពស់ជាងឆ្នាំកន្លងទៅ រហូតដល់ចុងឆ្នាំ២០២០នេះ។ ការកើនឡើងនេះ គឺដោយសារការធ្លាក់ចុះនៃសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ដែលនាំឱ្យមានតម្រូវការប្រាក់រៀលទាប ទាំងសម្រាប់ការប្រើប្រាស់ទូទៅ និងបង់ពន្ធ គួបផ្សំនឹងការថយចុះលំហូរចូលនៃរូបិយប័ណ្ណបរទេសមកកម្ពុជា។

ទោះយ៉ាងណា ការធ្លាក់ចុះតម្លៃប្រាក់រៀល មានកម្រិតទាបបើធៀបនឹងរូបិយប័ណ្ណភាគច្រើននៅក្នុងតំបន់។ នាចុងឆ្នាំ២០២០នេះ តម្លៃប្រាក់រៀលបានវិលមកគន្លងដើម ដូចកាលពីឆ្នាំ២០១៦-២០១៨ វិញ (ក្នុងរង្វង់ ៨.០៤៥ រៀលក្នុងមួយដុល្លារអាមេរិក) ដែលគាំទ្រដោយកំណើនតម្រូវការប្រាក់រៀលក្នុងវិស័យកសិកម្ម និងការដាក់ចេញវិធានការរបស់ធនាគារជាតិនៃកម្ពុជា ដែលក្នុងនោះ រួមមានការធ្វើអន្តរាគមន៍ លើទីផ្សារប្តូរប្រាក់ និងការគ្រប់គ្រងការផ្គត់ផ្គង់ប្រាក់រៀល តាមរយៈឧបករណ៍រូបិយវត្ថុដទៃទៀត។

ការរក្សាបានស្ថិរភាពអត្រាប្តូរប្រាក់បានរួមចំណែករក្សាស្ថិរភាពថ្លៃ និងលំនឹងម៉ាក្រូសេដ្ឋកិច្ច ស្របពេលដែល ទុនបម្រុងអន្តរជាតិ ត្រូវបានគរពួនជាលំដាប់ និងមានកម្រិតខ្ពស់ជាង៣ដង នៃកម្រិតដែលប្រទេសកំពុងអភិវឌ្ឍន៍គួរមាន និងមានលទ្ធភាពខ្ពស់ ក្នុងការពង្រឹងស្ថិរភាពអត្រាប្តូរប្រាក់ និងជំនឿទុកចិត្តមកលើសេដ្ឋកិច្ចកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here