ដោយៈ ចំណាន
ភ្នំពេញៈ ប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក អាស៊ាន ដែលមានក្រុមហ៊ុនធំៗជាច្រើនជាសមាជិក បានស្វែងយល់ពីកាលានុវត្តន៍ភាព និងស្ថានភាពវិស័យហិរញ្ញវត្ថុនៅកម្ពុជា។
ព័ត៌មាននេះត្រូវបានលើកឡើង នៅពេលលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ច សហរដ្ឋអាមេរិក-អាស៊ាន (US-ABC) ដឹកនាំដោយលោក Ted Osius អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់នៃ US-ABC អមដោយមន្រ្តីការទូតនៃស្ថានទូតសហរដ្ឋអាមេរិក នៅទីក្រុងភ្នំពេញ នារសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ នៅធនាគារជាតិនៃកម្ពុជា។

គោលបំណងនៃជំនួបនេះ ធ្វើឡើងដើម្បីស្វែងយល់ពីវឌ្ឍនភាពសេដ្ឋកិច្ច និងសក្តានុពលវិនិយោគក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ឱ្យបានកាន់តែរឹងមាំថែមទៀត។
កិច្ចពិភាក្សាក៏បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-អាមេរិក ការបន្តលើកកម្ពស់តម្លាភាពក្នុងវិស័យធុរកិច្ច និងសុចរិតភាពហិរញ្ញវត្ថុ និងការបង្កើតបរិយាកាសវិនិយោគល្អ សម្រាប់ទាក់ទាញគម្រោងវិនិយោគ សហរដ្ឋអាមេរិកនៅកម្ពុជាឱ្យបានកាន់តែច្រើន។
ក្នុងជំនួបនេះ លោកTed Osius បានលើកឡើងពីកត្តាអំណោយផលនៃគោលនយោបាយ គាំទ្រធុរកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងបញ្ជាក់ពីការទទួលបានការស្វាគមន៍ យ៉ាងកក់ក្តៅពីសម្តេចធិបតី និងការលើកទឹកចិត្តឱ្យមានការសន្ទនាដោយបើកចំហ។

បន្ថែមលើនេះ សមាជិកគណៈប្រតិភូ US-ABC ដែលជាតំណាងក្រុមហ៊ុនអាមេរិកធំៗកំពុងមានប្រតិបត្តិការនៅកម្ពុជា ក៏បានជម្រាបជូនពីវឌ្ឍនភាពនៃប្រតិបត្តិការនៅកម្ពុជា និងបញ្ជាក់ពីគម្រោងពង្រីកប្រតិបត្តិការថែមទៀតក្នុងវិស័យហិរញ្ញវត្ថុ ព្រមទាំងបានថ្លែងអំណរគុណធនាគារជាតិនៃកម្ពុជា ដែលតែងផ្ដល់កិច្ចសហការ និងការគាំទ្រនាពេលកន្លងមក។
ជាការឆ្លើយតប លោកជំទាវទេសាភិបាលជា សិរី បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះទស្សនកិច្ចធុរកិច្ចរបស់គណៈប្រតិភូ US-ABC មកកាន់កម្ពុជា និងបានជម្រាបជូនពីប្រវត្តិសេដ្ឋកិច្ចកម្ពុជា និងវឌ្ឍនភាពសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន។
លោកជំទាវបានមានប្រសាសន៍ ពីសារៈសំខាន់នៃការសន្ទនាដោយបើកចំហជាមួយគ្រប់ដៃគូសហការ រួមទាំងវិនិយោគិនសហរដ្ឋអាមេរិក។ បន្ថែមលើនេះ លោកជំទាវ ក៏បានលើកឡើងពីបទពិសោធន៍ជោគជ័យ នៃការអភិវឌ្ឍប្រព័ន្ធទូទាត់បាគងរបស់កម្ពុជា ដោយមានកិច្ចសហការជាមួយវិស័យឯកជន ដែលជាឧទាហរណ៍គំរូសម្រាប់បង្ហាញវិនិយោគិនសហរដ្ឋអាមេរិក ពីសក្តានុពលវិនិយោគនៅកម្ពុជា ក៏ដូចជាឱកាសក្នុងការបង្កើនកិច្ចសហការ ក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ និងនវានុវត្តន៍។
លើសពីនេះភាគីទាំងពីរ ក៏បានពិភាក្សាពីស្ថានភាពសេដ្ឋកិច្ច បញ្ហាប្រឈម និងទស្សនវិស័យសេដ្ឋកិច្ជកម្ពុជាផងដែរ៕








