ដោយៈ ចំណាន
ភ្នំពេញៈ កិច្ចសហប្រតិបត្តិការទេសចរណ៍ ជាមួយតំបន់ភូមិភាគស្វយ័តXizang ប្រទេសចិន នឹងបើកទំព័រថ្មី នៃការពង្រីកកិច្ចសហប្រតិបត្តិការ និងជាកម្លាំងចលករបន្ថែម ដល់ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥។
ព័ត៌មាននេះត្រូវបានលើកឡើងក្នុងសប្តាហ៍នេះ ក្នុងពេលលោក ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកJian Can អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនតំបន់ភូមិភាគស្វយ័តXizang និងគណៈប្រតិភូជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផ្លាស់ប្តូរទស្សនៈយោបល់ កម្រិតខ្ពស់លើវិស័យទេសចរណ៍ នៅទីស្តីការក្រសួងទេសចរណ៍។
ក្នុងឱកាសនៃជំនួបប្រកបដោយផ្លែផ្កានេះ លោកJian Can អនុប្រធានគណៈកម្មាធិការអចិនន្ត្រៃយ៍ បានជម្រាបអំពីការអភិវឌ្ឍន៍តំបន់ភូមិភាគស្វយ័ត Xizang រយៈពេល៦០ឆ្នាំ ចុងក្រោយក្រោមការយកចិត្តទុកដាក់ និងការចង្អុលបង្ហាញជាយុទ្ធសាស្រ្ត របស់លោកប្រធានរដ្ឋ ស៊ី ជីភីង ផ្ទាល់ បានធ្វើឱ្យតំបន់ភូមិភាគស្វយ័ត មានការប្រែប្រួលគ្រប់វិស័យ ការកាត់បន្ថយភាពក្រីក្រ រួមទាំងបានលើកម្ពស់ជីវភាព និងលក្ខខណ្ឌរស់នៅរបស់ជនជាតិភាគតិចZang ជាពិសេសការអភិវឌ្ឍន៍វិស័យទេសចរណ៍វប្បធម៌ ធម្មជាតិ និងសាសនា ប្រកបដោយចីរភាព និងការអភិរក្សដ៏គត់មុត រហូតអាចទទួលបានភ្ញៀវទេសចរ ក្នុងស្រុក និងអន្តរជាតិលើសពី៥០លាននាក់ក្នុងមួយឆ្នាំ។
លោកប្រធានគណៈប្រតិភូ ក៏បានចែករំលែកនូវបទពិសោធណ៍នានា ក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ ប្រកបដោយភាពច្នៃប្រឌិត និងអញ្ជើញលោករដ្ឋមន្រ្តីទៅទស្សនកិច្ច ផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ប្រជាជន និងវិនិយោគិន និងដកស្រង់បទពិសោធន៍ផ្ទាល់។
ជាការឆ្លើយតប រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានកោតសរសើរ វាយតម្លៃខ្ពស់ ចំពោះការអញ្ជើញទស្សនកិច្ចដ៏មានសារៈសំខាន់ និងជាការបើកទំព័រសហប្រតិបត្តិការដ៏ល្អជាមួយគ្នា និងការចែករំលែកបទពិសោធន៍ល្អៗ នាពេលនេះ។
ឆ្លៀតក្នុងឱកាសជំនួប ប្រកបដោយលទ្ធផលល្អនេះ លោករដ្ឋមន្រ្តី បានស្នើឯកឧត្តមប្រធានគណៈប្រតិភូ ជួយផ្សព្វផ្សាយពីសភាពការណ៍ពិតរបស់ប្រទេសកម្ពុជា ដែលកំពុងមានសុខសន្តិភាព ស្ថិរភាពនយោបាយ សុខសុវត្ថិភាព និងការរីកចម្រើនគ្រប់វិស័យ និងសក្តានុពលទេសចរណ៍ដ៏សំបូរបែប។
ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្រ្តី បានស្នើប្រធានគណៈប្រតិភូ ពិនិត្យលើលទ្ធភាព បង្កើតការហោះហើត្រង់មកកាន់រាជធានីភ្នំពេញ ឬ តំបន់ទេសចរណ៍ដូចជាខេត្តសៀមរាប ការរៀបចំវេទិកាធុរកិច្ចទេសចរណ៍ និងដំណើរសិក្សាស្វែងយល់ អំពីសក្តានុពលវិនិយោគរបស់ប្រទេសកម្ពុជា។
ភាគីទាំងពីរ ក៏បានឯកភាពគ្នាពិនិត្យលទ្ធភាពរៀបចំ និងចុះអនុស្សរណៈនៃការយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការទេសចរណ៍ ដោយគ្រោងចុះក្នុងអំឡុង ពេលទស្សនកិច្ចការងាររបស់លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ ទៅតំបន់ភូមិភាគស្វយ័តXizang នាដើមឆ្នាំ២០២៦ ខាងមុខនេះ៕








