តំណាងIFCអះអាងនឹងបន្តវិនិយោគក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ដោយៈ និស្ស័យ

    ភ្នំពេញៈ លោកស្រី Towfiqua Hoque ប្រធានស្ថានតំណាងIFC ប្រចាំកម្ពុជាបានអះអាងពីការបន្តវិនិយោគ នៅក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។

ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងពេលលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដឹកនាំដោយលោកស្រី Towfiqua Hoque ប្រធានស្ថានតំណាងIFC ប្រចាំកម្ពុជា នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា

ជំនួបនេះមានគោលបំណង ជម្រាបជូនពីវឌ្ឍនភាពការងារពាក់ព័ន្ធនឹងកិច្ចការពារអតិថិជនក្នុងវិស័យហិរញ្ញវត្ថុ។

លោកស្រីTowfigua បានជម្រាបជូនពីរបាយការណ៍សិក្សារបស់ IFC ទាក់ទងនឹងអនុសាសន៍សម្រាប់លើកកម្ពស់ កិច្ចការពារអតិថិជន និងបញ្ជាក់ពីការបន្តចូលរួម គាំទ្រសកម្មភាពអាទិភាពនានា ដែលត្រូវបានអនុម័ត ក្នុងកិច្ចសន្ទនាកម្រិតខ្ពស់រវាងពហុភាគីពាក់ព័ន្ធ ក្រោមការសម្របសម្រួលពី ធនាគារជាតិនៃកម្ពុជា និងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា។

បន្ថែមលើនេះ គណៈប្រតិភូIFC ក៏បានបង្ហាញពីការតាំងចិត្តក្នុងការបន្តវិនិយោគ ក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា និងការត្រៀមខ្លួនក្នុងការសហការនានា ដើម្បីបន្តលើកកម្ពស់ចំណេះដឹង ផ្នែកហិរញ្ញវត្ថុឱ្យបានកាន់តែរឹងមាំថែមទៀត។

លោកស្រី Towfiqua Hoque ប្រធានស្ថានតំណាងIFC ប្រចាំកម្ពុជា
លោកស្រី Towfiqua Hoque ប្រធានស្ថានតំណាងIFC ប្រចាំកម្ពុជា

ជាការឆ្លើយតប លោកជំទាវទេសាភិបាល បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អជាមួយIFC នាពេលកន្លងមក និងបានស្វាគមន៍ ចំពោះការបន្តការវិនិយោគ ក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។

លោកជំទាវក៏បានមានប្រសាសន៍ ពីការអនុវត្តយុទ្ធនាការជាច្រើននាពេលកន្លងមក សំដៅលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន ដែលមានដូចជា ការផ្សព្វផ្សាយវីឌីអូអប់រំអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ ការរៀបចំសិក្ខាសាលាស្តីពី ចំណេះដឹងផ្នែកហិរញ្ញវត្ថុនិងកិច្ចការពារអតិថិជន យុទ្ធនាការផ្សព្វផ្សាយពីប្រាក់រៀល ការដាក់បញ្ចូលមេរៀនចំណេះដឹងផ្នែកហិរញ្ញវត្ថុ ទៅក្នុងកម្មវិធីសិក្សាជាតិ និងការដាក់ឱ្យអនុវត្តស្តង់ដាកិច្ចសន្យាឥណទានជាដើម។

ទន្ទឹមនេះ លោកជំទាវក៏បានលើកឡើង ពីបញ្ហាប្រឈមពាក់ព័ន្ធនឹងកម្ចីក្រៅផ្លូវការ និងបញ្ហាផ្សេងទៀត ដែលទាមទារឱ្យមានការសហការពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីពង្រឹងកិច្ចការពារអតិថិជន និងលើកកម្ព​ស់ការផ្តល់ និងការប្រើប្រាស់សេវាហិរញ្ញវត្ថុដោយការទទួលខុសត្រូវ៕

LEAVE A REPLY

Please enter your comment!
Please enter your name here