មន្រ្តីជាន់ខ្ពស់លើកឡើងពីការប្រែក្លាយបញ្ហាប្រឈមមកជាឱកាសសម្រាប់វិនិយោគិនក្នុងស្រុកលើការផលិតជំនួសផលិតផលថៃ

ដោយៈ ចំណាន

    ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់បានបង្ហាញមោទនភាព លើការផលិតផលិតផលក្នុងស្រុករបស់វិនិយោគិន បានប្រែក្លាយបញ្ហាប្រឈមមកជាឱកាសសម្រាប់ពង្រឹងឯករាជ្យភាពសេដ្ឋកិច្ចរបស់ខ្លួន។

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាព របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងបែបនេះ នៅក្នុងឱកាសក្នុងពិធីបិទវគ្គបណ្តុះបណ្តាលជាស៊េរី ស្តីពី “ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមគោលការណ៍បៃតង និងបរិយាបន្ន” ជូនមន្ត្រីជំនាញហិរញ្ញវត្ថុសាធារណៈ របស់ក្រសួងស្ថាប័ន មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ទីចាត់ការហិរញ្ញវត្ថុ នៃសាលារាជធានី-ខេត្តទាំង ២៥ សំដៅចូលរួមគាំទ្រ និង អនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ប្រកដោយប្រសិទ្ធភាព និងចីរភាព។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា សភាពការណ៍សកល និងសង្គម-សេដ្ឋកិច្ចនាបច្ចុ​ប្បន្ន ជាពិសេសភាពតានតឹង នៅតាមព្រំដែនកម្ពុជា-ថៃ បង្កផលប៉ះពាល់លើខ្សែច្រវាក់ផ្គត់ផ្គង់ និងផលិតកម្ម លំហូរការងារ និងតម្រូវការលើផលិតផលប្រើប្រាស់ ព្រមទាំងលំហូរពាណិជ្ជកម្ម ទាំងការនាំចេញ និងការនាំចូល ជាពិសេស វត្ថុធាតុដើម សម្រាប់បម្រើដល់សកម្មភាពផលិតកម្មក្នុងស្រុក និងនិន្នាការប្រើប្រាស់ផលិតផលក្នុងស្រុក ជំនួសការនាំចូល ដែលការណ៍នេះ។

លោកបញ្ជាក់ថា “វាជាឱកាសប្រែក្លាយបញ្ហាប្រឈមមកជាកាលានុវត្តភាពសម្រាប់កម្ពុជា ក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដង ក្នុងការបន្តផ្តោតការយកចិត្តទុកដាក់ ពង្រឹង និង ពង្រីក ភាពជាម្ចាស់នៅលើមូលដ្ឋានផលិតកម្ម តាមរយ:ការជំរុញលើកកម្ពស់ផលិតកម្មក្នុងស្រុក ដោយរក្សាវិនិយោគិនមានស្រាប់ និងទាក់ទាញវិនិយោគិនថ្មី ជា​មួ​យនឹងការបង្កើតបរិយាកាសវិនិយោគអំណោយផល”។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានសហការរៀបចំដោយ វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវ របស់អង្គការសហប្រជាជាតិ ក្នុងគម្រោងភាពជាដៃគូ សម្រាប់សកម្មភាពសេដ្ឋកិច្ចបៃតងនៅកម្ពុជា (UNITAR/PAGE) ដោយមានការអញ្ជើញចូលរួមពី លោកស្រី អេមរី ហស្តប្រ៊ីន ហ្កាវីឡេ (Amrei Horstbrink-Gavillet) ជំនាញការជាន់ខ្ពស់កម្មវិធីអភិវឌ្ឍបៃតង និងការប្រែប្រួលអាកាសធាតុអង្គការ UNITAR និងជាប្រធានកម្មវិធី UN PAGE កម្ពុជា និងលោក វុឡាដឺមៀ រ៉ូជែនស្គី (Vladimir ROJANSKI) ប្រធានកម្មវិធីហិរញ្ញវត្ថុ និងវិនិយោគបៃតង នៃសហភាពអ៊ឺរ៉ុបនៅកម្ពុជា ព្រមទាំង រដ្ឋលេខាធិ​ការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទីប្រឹក្សាជាតិ-អន្តរជាតិ, មន្ត្រីរាជការ, ឧទ្ទេសាចារ្យ និង សិក្ខាកាម ព្រមទាំងនិស្សិត នៃសកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្នុងគោលបំណងផ្ដល់ចំណេះដឹងបន្ថែម ជូនសិក្ខាកាមជាថ្នាក់ដឹកនាំ មន្ត្រីរាជការអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ និង និស្សិតនៃសកលវិទ្យាល័យសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានអញ្ជើញផ្តល់បាឋកថាស្ដីពី “រដ្ឋ និងសេដ្ឋកិច្ចទីផ្សារ ការអភិវឌ្ឍសេដ្ឋកិច្ច: បញ្ហាប្រឈម និងកាលានុវត្តភាព” ដោយបានចែករំលែកអំពីដំណើរវិវត្តសង្គម និងសេដ្ឋកិច្ច ដែលត្រូវបានបង្កើតឡើង ទៅតាមសម័យ នៃប្រវតិ្តសាស្រ្តមនុស្សជាតិ ជាពិសេសជោគជ័យនៃប្រព័ន្ធសេដ្ឋកិច្ចចម្រុះ នៅពេលដែលវិស័យឯកជនដើរតួនាទី ជាកម្លាំងចលករនៃកំណើនសេដ្ឋកិច្ច រដ្ឋមានតួនាទីគ្រប់គ្រងកិច្ចអភិវឌ្ឍ តាមរយ: ការធានាការផ្គត់ផ្គង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ បង្កើតបរិយាកា​សអនុគ្រោះ អំណោយផលដល់កិច្ចដំណើរការទីផ្សារ ធានាការប្រកួតប្រជែងយុត្តិធម៌ លើកកម្ពស់ប្រសិទ្ធភាពការផ្តល់សេវាសាធារណៈ និង យកចិត្តទុកដាក់លើសមធម៌សង្គម ។

លោកបណ្ឌិតសភាចារ្យ បានរំលឹកដោយមោទនភាពអំពីចក្រភពខ្មែរ (Khmer Empire) ដែលមានអាយុកាលជាង ៦០០ ឆ្នាំ (ឆ្នាំ ៨០២-១៤៣១) ជាមហាអំណាចនៅអាស៊ីអាគ្នេយ៍ មានទឹកដីគ្របដណ្តប់លើដែនដីកម្ពុជាបច្ចុប្បន្ន ថៃ ឡាវ វៀតណាម លាតសន្ធឹងដល់ប្រទេសចិនប៉ែកខាងជើង ភូមាប៉ែកខាងលិច ម៉ាឡេស៊ីប៉ែកខាងត្បូង អតីតនគរចម្បាប៉ែកខាងកើត។

លោករំលឹកថា សម័យនោះ រដ្ឋខ្លាំង រឹងមាំ: ក្នុងវិស័យការពារជាតិ កងទ័ពខ្លាំងពូកែ កសាងកំពែងនគរធំ មានវឌ្ឍនភាពដល់កំពូលនូវវិស័យស្ថាបត្យកម្ម តាមរយៈកសាងប្រាសាទបេតិកភណ្ឌជាតិ កសា​ងបណ្តាញទំនប់ទឹក ប្រឡាយស្រោចស្រព សម្រាប់ការប្រកបរបរកសិ​កម្ម ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវគមនាគមន៍ខ្វាត់ខ្វែង កំពង់ផែ សម្រាប់ពាណិជ្ជកម្មក្នុង និងក្រៅប្រទេស ក្នុងវិស័យសង្គមកិច្ច ជាពិសេសការអប់រំ និងសុខាភិបាល តាមរយៈការកសាងមន្ទីរពេទ្យ សាលារៀនបណ្ណាល័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here