ខេត្តបាត់ដំបងទាក់ទាញភ្ញៀវទេសចរណ៍ជាមួយសម្បត្តិបេតិកភ័ណ្ឌ និងប្រវត្តិសាស្រ្តផ្សារភ្ជាប់ធម្មជាតិ

ដោយៈ ម៉ាលីនណា

    បាត់ដំបងៈ ជាខេត្តចំណាស់មួយនៅទិសពាយ័ព្យ នៃប្រទេសកម្ពុជា ដែលមានព្រំប្រទល់ជាប់នឹងខេត្តបន្ទាយមានជ័យ ប៉ៃលិន ប្រទេសថៃ សៀមរាប និងជាប់ខេត្តពោធិ៍សាត់ បាត់ដំបងជាខេត្តដោយមានសក្តានុពលសម្រាប់វិស័យទេសចរណ៍។

ខេត្តនេះសម្បូរវប្បធម៌ប្រវត្តិសាស្ត្ររួមមាន អគារ និងវត្តបុរាណជាច្រើន ជាមួយនឹងអាហារយ៉ាងសម្បូរបែប ពិសេសជាគោលដៅទេសចរណ៍យ៉ាងសម្បូរបែបសម្រាប់ភ្ញៀវទេសចរជាតិ-អន្តរជាតិ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចាកចេញពីដំណាំកសិកម្ម និងអគារបុរាណ ក្នុងខេត្តក៏មានគោលដៅទេសចរណ៍ជាច្រើនដូចជា រមណីយដ្ឋានទេសចរណ៍ សហគមន៍និងអេកូទេសចរណ៍ ទេសចរណ៍សាសនា កសិ-ទេសចរណ៍ និងគោលដៅទេសចរណ៍ផ្សេងៗជាច្រើន។ ភ្ញៀវទេសចរអាចទៅកម្សាន្តបានគ្រប់រដូវកាល ព្រោះតំបន់ទេសចរណ៍មានគ្រប់សណ្ឋាន និងគ្រប់ផ្នែក។

លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានមានប្រសាសន៍កាលពីសប្តាហ៍មុនថា បាត់ដំបង ជាខេត្តមួយដែលមានសម្បូរបែប ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ទាំងទេសចរណ៍វប្បធម៌ ធនធានធម្មជាតិ ប្រវត្តិសាស្ត្រ សិល្បៈ សាសនា និងទេសចរណ៍កែច្នៃ ហើយក៏ជាខេត្តមួយដែលមាន អេកូទេសចរណ៍ និងកសិ-ទេសចរណ៍ ដែលបម្រើភ្ញៀវទេសចរឱ្យទទួលបាននូវបទពិសោធថ្មីៗ និងអារម្មណ៍ស្រស់ស្រាយចម្រុះ និងយ៉ាងសម្បូរបែប។

លោកបានបន្ថែមថា ថ្មីៗនេះមានការអភិវឌ្ឍជាច្រើន ក្នុងការជំរុញកំណើនទេសចរណ៍មកកម្សាន្ត ក្នុងខេត្តគួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំដូចជា ការអភិវឌ្ឍផ្លូវ ថ្នល់ នៅកាន់តំបន់គោលដៅ និងតភ្ជាប់កន្លែង ដែលមានសក្ដានុពលវិស័យទេសចរណ៍ នៅតាមបណ្ដាស្រុកនានា។

រដ្ឋបាលខេត្ត ក៏បង្កើតឱ្យមានសួនច្បារ និងរៀបចំអភិវឌ្ឍកែលម្អក្រុង ដើម្បីបង្កើតឱ្យមានបរិយាកាសល្អ និងផ្ដល់ភាពទាក់ទាញថ្មីសម្រាប់ភ្ញៀវទេសចរជាតិ-អន្តរជាតិ តាមរយៈបង្កើតសួនតេជោសន្តិភាព សួនសិល្បៈ ដែលនឹងបញ្ចប់ជាស្ថាពរនៅឆ្នាំ២០២៦។

លោកបានបន្តថា ក្រៅពីសួនខាងលើនេះ ក៏បង្កើតឱ្យមានសួនបែបថ្មី ទំនើប ពិសេសបង្ហាញពីបំណងនៃសិល្បៈ ដែលនឹងដាក់តាំងបង្ហាញរូបសិល្បៈករ ដែលមានដើមកំណើតក្នុងខេត្តបាត់ដំបង និងអ្នកសិល្បៈដែលមានស្នាដៃច្រើន។ ក្នុងនោះក៏មានដាក់តាំងបង្ហាញវត្ថុតន្ត្រីបុរាណ ដើម្បីកូនខ្មែរ និងបរទេសបានស្គាល់ពីស្នាដៃផងដែរ។

លោកបានបញ្ជាក់ថា ចំពោះសួនច្បារសិល្បៈ លោក សុខ លូ អភិបាលខេត្តបានគិតគូររៀបចំឱ្យមាន Walk Street នៅតាមបណ្ដោយផ្លូវលេខ១ អមជាមួយសួនសិល្បៈ។ បច្ចុប្បន្នកំពុងសិក្សាបន្ថែមថា តើត្រូវបំពាក់អ្វីខ្លះបន្ថែម លុះនៅពេលសួនសិល្បៈរួចរាល់ នោះ Walk Street នឹងចេញជារូបរាងឡើង​។

អនុប្រធានមន្ទីរបានបន្ថែមថា ការស្ថាបនាប្រព័ន្ធលូក្រោមដីនៅក្នុងក្រុងនឹងចាប់ផ្ដើមឡើង ដោយទទួលបានគម្រោងពី ADB ដើម្បីធ្វើប្រព័ន្ធលូកង្វក់។ ការធ្វើលូថ្មីនេះ ដោយសារពីដើមលូធ្វើឡើងតាមគំរូបារាំង ដែលមានប្រជាជនតិច តែបច្ចុប្បន្នមានប្រជាជនច្រើនជាង១០ដង ​ដូច្នេះប្រព័ន្ធលូចាស់មិនអាចគ្រប់គ្រាន់បាន ដែលប្រឈមនឹងបញ្ហាបរិស្ថាន ដូច្នេះទាមទារអភិវឌ្ឍលើបញ្ហានេះបន្ថែម។

លោក ហម អរុណបានបន្តថា នៅឆ្នាំ២០២៦ នឹងស្ថាបនាបញ្ចប់ប្រព័ន្ធលូក្រោមដី ហើយបន្តសាងសង់ផ្លូវនៅក្នុងក្រុង ឱ្យមានភាពល្អប្រសើរ ដែលផ្លូវខ្លះត្រូវចាក់កៅស៊ូ ខ្លះចាក់បេតុង។ ក្រៅពីរៀបចំហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធទាំងនេះ ថ្នាក់ដឹកនាំខេត្តក៏បានគិតគូររៀបចំព្រឹត្តិការណ៍នានា ដើម្បីទាក់ទាញភ្ញៀវទេសចរជាច្រើនប្រចាំឆ្នាំ។ ក្នុងឆ្នាំនេះ មានព្រឹត្តិការណ៍មួយដែលពុំធ្លាប់មាន គឺតាំងពិព័រណ៍ផ្លែឈើ ដែលជាព្រឹត្តិការណ៍បានគាំទ្រ ដល់ Green Season ដែលជាគំនិតផ្ដួចផ្ដើមរបស់ក្រសួងទេសចរណ៍ ដោយទទួលបានជោគជ័យ និងមានព្រឹត្តិការណ៍ផ្សេងៗ នៅក្នុងព្រឹត្តិការណ៍តែមួយនេះផងដែរ។

នៅខែធ្នូចុងឆ្នាំនេះ ខេត្តបាត់ដំបង នឹងរៀបចំតាំងបង្ហាញម្ហូបអាហារ និងបង្អែម ដែលមានរយៈពេល៣ថ្ងៃ។ ព្រឹត្តិការណ៍នេះ ក៏ជាផ្នែកមួយក្នុងការផ្សព្វផ្សាយពីវប្បធម៌ក្នុងខេត្ត តាមរយៈម្ហូបអាហារ បន្ទាប់ពីក្រុងបាត់ដំបង បានចូលជាបណ្ដាញសមាជិកទីក្រុង ដែលមានភាពច្នៃប្រឌិដ្ឋរបស់អង្គការយូណេស្កូ (UNESCO) លើម្ហូបអាហារ។ ហើយព្រឹត្តិការណ៍នេះ ក៏ជាផ្នែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរមកកម្សាន្តក្នុងព្រឹត្តិការណ៍ឆ្លងឆ្នាំផងដែរ។

លោកហម អរុណ បានបញ្ជាក់ថា បច្ចុប្បន្ននៅតាមភោជនីយដ្ឋា​​ននីមួយៗ គឺមានការយកចិត្តទុកដាក់ និងមានការចុះណែនាំពីក្រុមការងារនៃមន្ទីរទេសចរណ៍ មន្ទីរសុខាភិបាល និងរដ្ឋបាលខេត្ត ដើម្បីពង្រឹងគុណភាពចំណីអាហារ ម្ហូបអាហារ ព្រមទាំងមានការបើកវគ្គបណ្ដុះបណ្ដាលសម្រាប់បុគ្គលិក ដែលបម្រើការនៅតាមភោជនីយដ្ឋាន និងអាហារដ្ឋាន។

កំពុងដេកនៅលើម៉ូតូកង់បី រង់ចាំដឹកភ្ញៀវទេសចរណ៍ទៅកាន់រមណីយដ្ឋាននានា លោក នាក់ ណាំ អាយុ៦២ឆ្នាំ បានសាទរចំពោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ក្នុងក្រុង ទៅកាន់ស្រុកនានា ពិសេ​សក្នុងតំបន់គោលដៅទេសចរណ៍ ទោះយ៉ាងណាលោកមិនសប្បាយចិត្តចំពោះផ្លូវក្នុងក្រុងមួយចំនួន គឺពិបាកធ្វើដំណើរ ហើយបង្កគ្រោះថ្នាក់ចរាចរជាញឹកញាប់។

បុរសវ័យចំណាស់បញ្ជាក់ថា “បើបានទីក្រុងស្អាត ខ្ញុំកាន់តែសប្បាយចិត្ត ប៉ុន្តែផ្លូវក្នុងក្រុងមួយចំនួនមិនល្អទេ មិនថាខ្ញុំជាអ្នករត់ដឹក ឬអ្នកម៉ូតូឌុប អ្នកបើករម៉ក ឬភ្ញៀវទេសចរនោះទេ ក៏គេមិនសប្បាយចិត្តដែរ”។ លោកបន្ថែមថា “បច្ចុប្បន្នភ្ញៀវទេសចរឆ្លងកាត់ផ្លូវខ្លះ គេលែងចង់មកលេងទៀត ដោយសារផ្លូវក្នុងក្រុង និងក្នុងខេត្តមិនស្អាត មិនល្អ ពិបាកជិះ និងអាចមានគ្រោះថ្នាក់”។

កំពុងរង់ចាំភ្ញៀវហៅដឹក លោក គឹម ហ៊ុត អ្នករត់ម៉ូតូកង់បីឥណ្ឌា និងជាពលរដ្ឋរស់នៅជាយក្រុង បាននិយាយថា ផ្លូវថ្នល់ក្នុងក្រុងបច្ចុ​ប្បន្ន គឺពិបាកបើកបរ ធ្វើមិនចេះចប់មិនចេះហើយ។ ធ្វើផ្លូវរួចហើយ នៅពេលចង់ដាក់លូ ស្រាប់តែកាយផ្លូវដាក់លូថ្មី គឺពិបាកធ្វើដំណើរ។ ផ្លូវខ្លះសំរាមស្កេកស្កះ ហើយស្អុយ។

លោកបន្ថែមថា បើបានផ្លូវស្អាត នឹងជួយទាក់ទាញភ្ញៀវទេសចរបានច្រើន ព្រោះភ្ញៀវទេសចរទាំងជាតិ អន្តរជាតិ ចូលចិត្តស្អាត ហើយនៅពេលមកកម្សាន្តឃើញស្ថានភាពបែបនេះ គេនឹងយកទៅនិយាយមិនល្អពីកម្ពុជា ពិសេសក្នុងក្រុងយើងនេះ ហើយគេលែងចង់មកលេងទៀតហើយ។

លោកបានស្នើរដ្ឋបាលក្រុង និងខេត្ត រៀបចំធុងសំរាមដាក់ចន្លោះពី១០០ ទៅ២០០ម៉ែត្រធុងសំរាមមួយ ដើម្បីពលរដ្ឋនិងភ្ញៀវទេសចរងាយស្រួលដាក់សំរាម ហើយងាយប្រមូលដុតចោល។ ធុងសំរាមភា​គច្រើនដែលមាននៅក្នុងក្រុង និងក្នុងខេត្តភាគច្រើនជារបស់ម្ចាស់ផ្ទះ ប៉ុន្តែកម្រឃើញមានរបស់អាជ្ញាធរ។

លោកបានចាត់ទុកការរៀបចំទីក្រុងឱ្យបានស្អាត នឹងមានភ្ញៀវទេសចរមកលេងកាន់តែច្រើន។ នៅពេលមានភ្ញៀវទេសចរច្រើន ធ្វើឱ្យអ្នករត់ម៉ូតូឌុប អ្នកលក់ម្ហូបអាហារ សណ្ឋាគារ ផ្ទះសំណាក់ និងវិស័យផ្សេងៗទៀតមានចំណូលកាន់តែច្រើនតាមរយៈបម្រើសេវាជូនភ្ញៀវទេសចរ។

សេចក្ដីប្រកាស​ព័ត៌មាន​របស់​អង្គការ​យូណេស្កូ (UNESCO) កាលពីឆ្នាំ២០២៣ បានឱ្យដឹងថា ក្រុង​បាត់ដំបង បាន​ជាប់​ជា “​បណ្តាញ​ទីក្រុង ​ដែលមាន​ភាព​ច្នៃប្រឌិត ​ផ្នែក​ម្ហូប​​អាហារ​របស់​អង្គការ​យូណេស្កូ​” ក្នុងចំណោម​ទីក្រុង​ចំនួន៥៥ ដែលបាន​ដាក់បញ្ចូល​បន្ថែម​ក្នុង​បណ្ដាញ​ទីក្រុង ​ដែលមាន​ភាព​ច្នៃប្រឌិត​ របស់​អង្គការ​យូណេស្កូ (UCCN)​។

ការដាក់បញ្ចូល​ទីក្រុង​ថ្មី​បន្ថែមចំនួន​៥៥ ជា​បណ្តាញ​ទីក្រុង​ច្នៃប្រឌិត (UNESCO Creative Cities Network ឬ​ហៅ​កាត់​ថា UCCN) បាន​កើន​ដល់​ចំនួន៣៥០​ទីក្រុង ក្នុង​ប្រទេស​ជាង១០០ ដែល​តំណាងឱ្យ​វិស័យ​សិប្បកម្ម និង​សិល្បៈ​ប្រជាប្រិយ​ ការ​រចនា ភាព​យន្ត​ អាហារ​ អក្សរសាស្ត្រ​ សិល្បៈ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ និង​តន្ត្រី​។

ក្នុងពិធីអបអរសាទរខួបលើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ខេត្តបាត់ដំបង មានការអភិវឌ្ឍរីកចម្រើនជាលំដាប់ និងប្រែមុខមាត់ថ្មីជាបណ្ដើរៗទាំងផ្នែករូបវន្ត និងអរូបវ័ន្ត ព្រមទាំងវិស័យផ្សេងទៀត ក៏ត្រូវបានស្ដារសាងសង់ ជួសជុល និងកែលម្អជាបន្តបន្ទាប់ ពិសេសក្នុងក្រុង៕

LEAVE A REPLY

Please enter your comment!
Please enter your name here