ក្រសួងទេសចរណ៍ និងចិនផ្តោតលើការជំរុញវិស័យទេសចរណ៍ប្រកបដោយចីរភាពជាមួយបណ្តាប្រទេសសមាជិកមេគង្គ ឡានឆាង

ដោយៈ ម៉ាណា

    សៀមរាបៈ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តសៀមរាប ក្រោ​មការគាំទ្រពីរដ្ឋាភិបាលចិន តាមរយៈកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងការសម្របសម្រួលពីស្ថានទូតចិនប្រចាំកម្ពុជា បានរៀប​ចំសិក្ខាសាលាស្តីពី ការស្តារឡើងវិញនៃទេសចរណ៍មេគង្គ-ឡានឆាង និងផែនការសកម្មភាពធន់ ឆ្នាំ២០២៦-២០៣០ នៅខេត្តសៀមរាប។

សិក្ខាសាលានេះរៀបចំឡើង ក្រោមប្រធានបទស្នូល៖ “ការចូលរួមរបស់ទូតទេសចរណ៍វ័យក្មេងមេគង្គ-ឡានឆាង” ដែលមានគោលបំណងចម្បង ក្នុងការចែករំលែកបទពិសោធន៍ និងផ្លាស់ប្តូរវប្បធម៌ក្នុងចំណោមឯកអគ្គរដ្ឋទូតទេសចរណ៍យុវជន នៃតំបន់មេគង្គ-ឡានឆាង ដើម្បីជំរុញវិស័យទេសចរណ៍ ឱ្យកាន់តែរីកចម្រើន និងប្រកបដោយចីរភាពក្នុងយុគសម័យថ្មី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ឌី រ៉ាដូ អភិបាលរងខេត្ត បានមានប្រសាសន៍ថា សិក្ខាសាលានេះ ជាយន្តការសម្រាប់វេទិកាផ្លាស់ប្តូរ ដែលផ្ដល់ឱកាសចែករំលែកចំណេះដឹងសំខាន់ៗ បណ្តុះភាពជាដៃគូដ៏មានអត្ថន័យ និងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា។ លោកជឿជាក់ថាលទ្ធផលនៃសិក្ខាសាលានឹងក្លាយជាផ្លែផ្កា និងមានប្រយោជន៍ រួមចំណែកដល់ការអភិ​វឌ្ឍន៍ ជាបន្តបន្ទាប់នៃវិស័យទេសចរណ៍នៅក្នុងតំបន់ទាំងមូល។

ថ្លែងក្នុងពិធីបើក លោកហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានសង្កត់ធ្ងន់ថា សិក្ខាសាលានេះគឺជា ឱកាសដ៏សំខាន់ ដែលនឹងជួយតំបន់មេគង្គ-ឡានឆាង ឆ្ពោះទៅរកវិស័យទេសចរណ៍ដែលមាន ភាពធន់នៃការតភ្ជាប់ទំនាក់ទំនង ពង្រឹងកិច្ចសហប្រតិបត្តិការរយៈពេលវែង និងត្រៀមខ្លួនសម្រាប់អនាគតមួយ ដែលបើកចំហ និងរឹងមាំជាងមុន។

លោកបន្តថា វឌ្ឍនភាពនៃកម្មវិធី “Youth Tourism Ambassadors” បានបង្ហាញឱ្យឃើញថា នៅពេលដែលយុវជនត្រូវបានផ្តល់កន្លែង និងការគាំទ្រត្រឹមត្រូវ ពួកគេអាចចូលរួមចំណែកយ៉ាងច្រើនក្នុងការអភិវឌ្ឍន៍តំបន់របស់យើង។

លោករដ្ឋមន្ត្រីក៏បានចែករំលែក នូវទស្សនវិស័យចំនួន៤ យ៉ាង ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដោយផ្តោតជាពិសេសលើយុវជនបន្តផ្តល់អំណាចដល់យុវជន ដោយចំណេះដឹង និងជំនាញ៖ ផ្តល់ឱកា​សឱ្យយុវជនអភិវឌ្ឍសមត្ថភាព ក្នុងវិស័យទំនាក់ទំនងឌីជីថល បដិសណ្ឋារកិច្ច ភាសា ការច្នៃប្រឌិត និងការយល់ដឹងអំពីវប្បធម៌។

បង្កើតវេទិកាបន្ថែមទៀត សម្រាប់ការចូលរួមរបស់យុវជន៖ ជួយយុវជន ឱ្យភ្ជាប់ទំនាក់ទំនងឆ្លងកាត់ព្រំដែន ចែករំលែកគំនិត និងកសាងមិត្តភាពយូរអង្វែង។

លើកទឹកចិត្តយុវជន ឱ្យក្លាយអ្នករួមចំណែកយ៉ាងសកម្ម ក្នុងសហគមន៍៖ ជំរុញឱ្យយុវជនផ្សព្វផ្សាយវប្បធម៌ក្នុងស្រុក គាំទ្រគំនិតផ្តួចផ្តើមសហគមន៍ និងរួមចំណែកដល់ការអនុវត្តទេសចរណ៍ ប្រកបដោយការទទួលខុសត្រូវ។

‎ជួយយុវជនឱ្យទទួលបានការបង្ហាញ និងឱកាសក្នុងតំបន់កាន់តែច្រើន៖ តាមរយៈកម្មវិធីរួមគ្នា សម្ភារសិក្សារួមគ្នា និងភាពជាដៃគូរវាងសាកលវិទ្យាល័យ ដើម្បីទទួលបានការសិក្សា ប្រកបដោយគុណភាព និងការផ្លាស់ប្តូរបទពិសោធន៍។

សិក្ខាសាលានេះត្រូវគេរំពឹងទុកថា នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំមួយ ក្នុងការគូសវាសផែនការសកម្មភាពជាក់ស្តែង សម្រាប់ធានាបាននូវអនាគតទេសចរណ៍ដែលធន់ និងចីរភាពនៅក្នុងតំបន់មេគង្គ-ឡានឆាង៕

LEAVE A REPLY

Please enter your comment!
Please enter your name here