ដោយៈ និស្ស័យ
ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោកប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការ បានអញ្ជើញបើកសិក្ខាសាលាស្តីពី “ការបញ្ចូលទិន្នន័យបុរាណស្ថាន ទៅក្នុងថ្នាលប្រព័ន្ធគ្រប់គ្រងទិន្នន័យរួម”។
កិច្ចប្រជុំនេះការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការ របស់អង្គភាពក្រោមឱវាទក្រសួង មន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានី-ខេត្តទាំង២៥ មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ និងអាជ្ញាធរជាតិសំបូរព្រៃគុក។ គោលបំណងនៃអង្គសិក្ខាសាលានេះ គឺសំខាន់ៗចំនួន៥ ដូចជា ទី១ ណែនាំពីថ្នាលប្រព័ន្ធគ្រប់គ្រងទិន្នន័យរួម និងមុខងារសំខាន់ៗ។ ទី២ . បណ្តុះបណ្តាលមន្រ្តីមន្ទីររាជធានី-ខេត្ត និងមន្ត្រីជំនាញអាជ្ញាធរជាតិ អំពីការបញ្ចូលទិន្នន័យបុរាណស្ថាន។ ទី៣ កំណត់អត្តសញ្ញាណប្រភេទបុរាណស្ថាន ក្នុងការចុះបញ្ជី។
ទី៤ ស្នើសុំធាតុចូលពីអង្គភាពពាក់ព័ន្ធ ដើម្បីបំពេញប្រព័ន្ធឲ្យមានប្រសិទ្ធភាព និងទី៥ បង្កើតបណ្តាញទំនាក់ទំនងជាមួយមន្ទីរ អាជ្ញាធរជាតិ ដើម្បីសហការក្នុងការគ្រប់គ្រង និងធ្វើបច្ចុប្បន្នភាព ទិន្នន័យ។
ថ្នាលប្រព័ន្ធគ្រប់គ្រងទិន្នន័យរួម ដែលបានរៀបចំឡើងនេះគឺជាថ្នាលគ្រប់គ្រងបឋមមួយ អនុញ្ញាតឲ្យមន្ត្រីជំនាញ ផ្ទុកទិន្នន័យ ទាញយក និងធ្វើបច្ចុប្បន្នភាព បុរាណស្ថានបានយ៉ាងងាយស្រួល។ ការប្រើប្រាស់ប្រព័ន្ធនេះ នឹងជួយបង្កើនភាព រហ័សទាន់ពេល និងភាពត្រឹមត្រូវក្នុងការប្រមូលទិន្នន័យ។
ចំពោះទិន្នន័យដែលបានបញ្ជូលទាំងនេះនឹង ក្លាយជាមូលដ្ឋានសម្រាប់ការស្រាវជ្រាវ បង្កើតផែនការអភិរក្ស និងអភិវឌ្ឍវិស័យបេតិកភណ្ឌវប្បធម៌ជាតិ៕










