សភាពាណិជ្ជកម្មកម្ពុជា និងគណៈប្រតិភូធុរកិច្ចស្រីលង្កាពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការ

ដោយៈ ចំណាន

    ភ្នំពេញៈ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជានិងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូធុរកិច្ចស្រីលង្កា ដែលដឹកនាំដោយ លោកTilak Gunawardana អនុប្រធានជាន់ខ្ពស់ នៃក្រុមប្រឹក្សាធុរកិច្ចស្រីលង្កា-មេគង្គនៃសភាពាណិជ្ជកម្មស៊ីលុន (Ceylon Chamber of Commerce)។

កិច្ចពិភាក្សានេះបានផ្តោតសំខាន់ ទៅលើការជំរុញពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ពិសេសគឺលើវិស័យសក្តានុពលរួម៖ កម្មន្តសាល ភស្តុភារ សំណង់និងអចលនទ្រព្យ ថាមពល និង ទេសច​រ​ណ៍ និងសេវាកម្ម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងជំនួបពិភាក្សានោះ អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់ពី តួនាទីដ៏សំខាន់របស់វិស័យឯកជន ដែលជាកម្លាំងចលករសេដ្ឋកិច្ចក្នុងការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី ដោយអ្នកឧកញ៉ាប្រធានបានជំរុញឲ្យធុរជនទាំងពីរប្រទេស ចាប់យកកាលានុវត្តភាពធុរកិច្ច និងពិនិត្យលទ្ធភាពសហប្រតិបត្តិការរួមគ្នា។

ក្នុងនោះធុរជនស្រីលង្កា អាចទាញយកប្រយោជន៍ពីស្ថិរភាពសេដ្ឋកិច្ចកម្ពុជា និងទីផ្សារកម្ពុជា ដែលជាច្រកទ្វារទៅកាន់អាស៊ាន។ ចំណែកឯធុរជនកម្ពុជា អាចទាញយកប្រយោជន៍ពីចំណុចខ្លាំងរបស់ស្រីលង្កាខាង ផ្នែកសេវាកម្ម និងជាច្រកទ្វារទៅកាន់បណ្តាញពាណិជ្ជកម្មមហាសមុទ្រឥណ្ឌា។

ជាមួយគ្នានេះ អ្នកឧកញ៉ាប្រធានបានសង្កត់ធ្ងន់ ពីកំណើនសេដ្ឋកិច្ច និងសក្តានុពលកម្ពុជាលើគ្រប់វិស័យ រួមទាំងកម្មន្តសាល សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។

អ្នកឧកញ៉ាប្រធាន ក៏បានស្នើដល់ក្រុមប្រឹក្សាធុរកិច្ចស្រីលង្កា-មេគង្គ ជំរុញក្រុមហ៊ុនអាកាសចរណ៍ស្រីលង្កា ពិនិត្យលទ្ធភាពបើកការហោះហើរត្រង់ ពីទីក្រុងកូឡុំបូ មកកាន់រាជធានីភ្នំពេញ ដែលនឹងជួយជំរុញវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។

លោក ទីឡាក ហ្គូណាវ៉ាដាណា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកឧកញ៉ាគិត ម៉េង ដែលបានទទួលជួបពិភាក្សាជាមួយគណៈប្រតិភូស្រីលង្កា។

លោកបានបញ្ជាក់ថា គណៈប្រតិភូស្រីលង្កាមានបំណងសិក្សាស្វែងយល់ពីសេដ្ឋកិច្ច វិស័យសក្តានុពល និងកាលានុវត្តភាពធុរកិច្ចនៅកម្ពុជា។ លោកបានកោតសរសើរចំពោះការរីកចម្រើនរបស់កម្ពុជា និងសំឡឹងឃើញលទ្ធភាពសហប្រតិបត្តិការលើច្រើនវិស័យ។

លោកបានគូសបញ្ជាក់ថា “សភាពាណិជ្ជកម្មស៊ីលុន ជាសភាពាណិជ្ជកម្ម ដែលមានវ័យចំណាស់ជាងគេមួយនៅស្រីលង្កា ដែលមានតួនាទីជំរុញ និងសម្របសម្រួលពាណិជ្ជកម្ម និងវិនិយោគទូទាំងពិភពលោក”។

ក្នុងន័យនេះ លោកបានអញ្ជើញ អ្នកឧកញ៉ា គិត ម៉េង ដឹកនាំគណៈប្រតិភូទៅទស្សនកិច្ចនៅស្រីលង្កា នាពេលអនាគតដ៏សមស្រប។

សភាពាណិជ្ជកម្មកម្ពុជា គឺជាស្ថាប័នមិនស្វែងរកប្រាក់ចំណេញ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៥ ដើម្បីតំណាងឲ្យផលប្រយោ​ជន៍របស់វិស័យឯកជន នៅក្នុងវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម សេវាកម្ម និងកសិកម្មទូទាំងប្រទេសកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here