ដោយៈ ម៉ាលីនណា
ភ្នំពេញៈ អភិបាលខេត្តសៀមរាប លោកហែន ពុទ្ធី អភិបាលរងខេត្ត បានចូលរួមបើកវគ្គសិក្ខាសាលា ស្តីពីនីតិវិធីដោះស្រាយវិវាទដីធ្លី របស់គណៈកម្មការសុរិយោដី ក្រោមអធិបតីភាពលោកទេព ធន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីប្រតិភូអម ដំណើររដ្ឋលេខាធិការ លោក/លោកស្រី អភិបាល អភិបាលរង នៃគណៈអភិបាលក្រុង ស្រុក លោក ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លោក/លោកស្រី នាយក នាយករង រដ្ឋបាលក្រុង ស្រុក។
លោកហែន ពុទ្ធី អភិបាលរងខេត្ត មានប្រសាសន៍ថា ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោកពិតជាមាន កិត្តិយស និងសេចក្តី សោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានចូលរួមជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី នីតិវិធីដោះស្រាយវិវាទដីធ្លីរបស់គណៈកម្មការសុរិយោដី ជូនក្រុមការងារខេត្តសៀមរាប ដែលនឹងប្រារព្ធឡើងសម្រាប់រយៈពេល៣ថ្ងៃនេះ។
ទន្ទឹមនឹងនេះ លោកអភិបាលរងខេត្ត សូមសំដែងនូវការកោតសរសើរដ៍ស្មោះជូន ចំពោះថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងគណៈកម្មការសុរិយោដីថ្នាក់ជាតិ ដែលបានយកចិត្តទុកដាក់ ក្នុងការផ្តួចផ្តើមគំនិតរៀបចំ ឱ្យមានវគ្គបណ្តុះបណ្តាលនេះឡើង និងសូមលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ឱ្យខិតខំប្រឹងប្រែងយកចិត្ត ទុកដាក់ យកអស់កម្លាំងកាយចិត្តរៀនសូត្រវគ្គបណ្តុះបណ្តាលនេះ ក្នុងគោលបំណង ដើម្បីបំពេញបន្ថែមនូវ ចំណេះដឹង បទពិសោធន៍ ជាពិសេស យល់ដឹងអំពីនីតិវិធី បែបបទច្បាប់ សារៈសំខាន់ក្នុងការស៊ើបអង្កេត វិធីសាស្ត្រក្នុងការសម្រុះសម្រួល និងទទួលបានជោគជ័យ ក្នុងការដោះស្រាយវិវាទដីធ្លី ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋយើង ដែលជាភាគីវិវាទអាចទទួលយកបាន ដោយព្រមព្រៀងសះជាគ្នា មានលក្ខណៈយូរអង្វែង ហើយរស់នៅជាអ្នកភូមិផង របងជាមួយ ដែលមានសុខដុមរម្យនីយកម្មជាមួយគ្នា ជាសង្គមគ្រួសារខ្មែរដែលមានទំនៀមទំលាប់ប្រពៃណីដ៏ល្អផូរផង់៕







