ចក្ខុវិស័យឆ្នាំ២០៣០ និងការវិនិយោគសម្រាប់អនាគតត្រូវបានលើកយកមកពិភាក្សា

ដោយៈ ម៉ាលីនណា

    ភ្នំពេញៈ អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា លោកលឹម វិសាល បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ក្នុងកិច្ចពិភាក្សាអំពី “ចក្ខុវិស័យឆ្នាំ២០៣០៖ ការវិនិយោគសម្រាប់អនាគត”។

កិច្ចពិភាក្សានេះមានការអញ្ជើញចូលរួម ពីសំណាក់វាគ្មិន៣រូបផ្សេងទៀត រួមមាន លោកម៉ី ផល្គុន នាយកគ្រប់គ្រងក្រុមហ៊ុន ភីខេ ផល្គុន ខមើសល ឯ.ក។ លោក សាន ច័ន្ទឬទ្ធី នាយកគ្រប់គ្រងក្រុមហ៊ុន មេការគូប ខនស្ត្រាក់សិនឯ.ក និងលោកបណ្ឌិតប៊ុន ឡុង នាយករងនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ព្រមទាំងមានការចូលរួមពីនិស្សិតចំនួនប្រមាណ៨០នាក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងឱកាសនោះ លោកលឹម វិសាល បានធ្វើបទបង្ហាញស្តីពីការទាក់ទាញវិនិយោគនៅកម្ពុជា ដោយបានគូសបញ្ជាក់លើចំណុចសំខាន់ៗមួយចំនួនដូចជា សារៈសំខាន់ និងកត្តាកំណត់ការវិនិយោគផ្ទាល់ពីបរទេស និន្នាការនិងស្ថានភាពសេដ្ឋកិច្ច-វិនិយោគ។

ហេតុអ្វីវិនិយោគនៅកម្ពុជា ប្រព័ន្ធពន្ធដារនៅកម្ពុជា និងរបបលើកទឹកចិត្តវិនិយោគ កាលានុវត្តភាពក្នុងវិស័យសក្តានុពល និងកិច្ចសម្រួលវិនិយោគ ដើម្បីចែករំលែកដល់ប្អូនៗនិស្សិត និងអ្នកចូលរួមទាំងអស់អំពីបរិបទតំបន់និងសកល ក៏ដូចជាបរិបទក្នុងប្រទេសផ្ទាល់ ពាក់ព័ន្ធនឹងស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច ការទាក់ទាញវិនិយោគ និងនិន្នាការវិនិយោគ។

ទន្ទឹមនឹងនេះ លោកលឹម វិសាល ក៏បានលើកឡើងដោយមោទនភាពអំពីកំណើននៃរំហូរវិនិយោគ នៅកម្ពុជាក្នុងឆ្នាំ២០២៤ ហើយដែលកំណើននេះ បានបន្តដល់ឆ្នាំ២០២៥។ មួយវិញទៀត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការវិនិយោគក្នុងចង្កោមឧស្សាហកម្មថ្មីៗជាច្រើន ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ និងអាចបង្កើតតម្លៃបន្ថែមខ្ពស់ជាងមុន ក៏មានកំណើនគួរឱ្យកត់សម្គាល់ផងដែរ។

បន្ថែមលើនេះ លោកអគ្គលេខាធិការរង បានគូសបញ្ជាក់ពីការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា និងតួនាទីដ៏សំខាន់នៃតំបន់សេដ្ឋកិច្ចពិសេស ក្នុងការធ្វើពិពិធកម្មមុខសញ្ញាវិនិយោគ៕

LEAVE A REPLY

Please enter your comment!
Please enter your name here