ដោយ: សហសេវិក
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះនៅថ្ងៃពុធនេះ បន្ទាប់ពីបានកើនឡើងកាលពីថ្ងៃអង្គារម្សិលមិញ ស្របពេលមានការរំពឹងទុកថា វិបត្តិ Shutdown នៅសហរដ្ឋអាមេរិកអាចបញ្ចប់ក្នុងពេលឆាប់ៗនេះ ដែលការណ៍នេះអាចជំរុញតម្រូវការប្រេងឥន្ធនៈនៅក្នុងប្រទេសដែលប្រើប្រាស់ប្រេងឆៅច្រើនជាងគេបំផុតនៅលើពិភពលោក។
សភាតំណាងរាស្ត្រអាមេរិកដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ គ្រោងនឹងបោះឆ្នោតនៅរសៀលថ្ងៃពុធលើសេចក្តីព្រាងច្បាប់មួយ បន្ទាប់ពីបានទទួលការអនុម័តពីព្រឹទ្ធសភា ដែលនឹងផ្តល់មូលនិធិឡើងវិញដល់ភ្នាក់ងាររដ្ឋាភិបាលរហូតដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៨សេនមកនៅត្រឹម៦៥,០៨ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0106 GMT បន្ទាប់ពីបានកើនឡើង១,៧ភាគរយកាលពីថ្ងៃអង្គារម្សិលមិញ។
ចំណែក តម្លៃប្រេងឆៅរបស់សហរដ្ឋអាមេរិក West Texas Intermediate បានធ្លាក់ចុះ៧សេនមកនៅត្រឹម៦០,៩៧ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីបានកើនឡើង១,៥ភាគរយកាលពីថ្ងៃអង្គារម្សិលមិញ៕







