ទីផ្សារមូលបត្រកម្ពុជានៅតែមានកំណើនក្នុងឆ្នាំ២០២០ធៀបនឹងឆ្នាំ២០១៩

ដោយ៖ លក្ខិណា

ភ្នំពេញ៖ ការជួញដូរមូលបត្រក្នុងផ្សារមូលបត្រកម្ពុជា ឆ្នាំ២០២០នេះ ត្រូវបានបញ្ជាក់ថា នៅតែមានកំណើន បើធៀបនឹងឆ្នាំ ២០១៩ ដោយសារតែមានក្រុមហ៊ុនថ្មីៗបានចូលរួមបោះផ្សាយ និងចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា ទោះបីកម្ពុជាជួបវិបត្តិនឹងជំងឺកូវីដ១៩ក្ដី។

លោកស៊ូ សុជាតិអគ្គនាយកគណៈកម្មការមូលបត្រកម្ពុជាបានមានប្រសាសន៍ថា បើនិយាយពីទំហំទីផ្សារនៃផ្សារមូលបត្រកម្ពុជា នៅតែមានកំណើនក្នុងឆ្នាំ២០២០នេះ តែក៏ទទួលស្គាល់ថា នៅត្រីមាសខ្លះនៃឆ្នាំ២០២០ មានបញ្ហាប្រឈមទៅលើការជួញដូរ ប៉ុន្តែជារួមក្នុងឆ្នាំ២០២០ទាំងមូល មានទំហំជួញដូរល្អប្រសើរ។

លោកបន្តថា កត្តាដែលជំរុញឱ្យមានទំហំជួញដូរកើនឡើងក្នុងឆ្នាំ២០២០នេះ ដោយសារតែក្រុមហ៊ុនចុះបញ្ជីថ្មីៗ ក្នុងនោះក៏មានធនាគារពាណិជ្ជធំជាងគេមួយនៅក្នុងប្រទេស ក៏បានបោះផ្សាយភាគហ៊ុនរបស់ខ្លួន ក្នុងផ្សារមូលបត្រ។ លោកបានថ្លែងថា “មកដល់ពេលនេះមានក្រុមហ៊ុនចំនួន១៣បានចុះបញ្ជីក្នុងផ្សារមូលបត្រ ក្នុងនោះ មានក្រុមហ៊ុន៧ ជាផ្នែកប្រតិបត្តិកម្មសិទ្ធិនិង៦ផ្សេងទៀតជាផ្នែក មូលបត្របំណុល”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្ថែមថា ទោះជាយ៉ាងណាកក្ដី វិស័យនេះ ក៏រងឥទ្ធិពលពីកូវីដ១៩ដែរ គឺជៀសមិនផុតនោះទេ តែសម្រាប់ឆ្នាំ២០២១នេះ លោករំពឹងថានឹងទទួលបានកំណើនបន្ថែមទៀត ខណៈវិបត្តិក៏បានបង្ហាញសញ្ញាថមថយ ហើយវិនិយោគិន និងសាធារណជននឹងចាប់ផ្ដើមចូលមកវិនិយោគបន្ថែមទៀតក្នុងវិស័យមូលបត្រ។

លោកក៏បានអំពាវនាវដល់បណ្ដាសាធារណជននិងវិនិយោគិន ចូលរួមក្នុងការវិនិយោគវិស័យមូលបត្រ ដែលជាវិស័យមួយសំខាន់ក្នុងសេដ្ឋកិច្ច និងអាចរកផលចំណេញសម្រាប់ខ្លួនឯងផងដែរ។

វិស័យមូលបត្រឬភាគហ៊ុននេះ នៅបណ្ដាប្រទេសរីកចម្រើនគឺមានការចូលរួមខ្លាំងពីពលរដ្ឋ និងមានការតាមដានជាប់ជានិច្ច។ តែសម្រាប់កម្ពុជាគឺនៅមានកម្រិតនៅឡើយ ដោយសារតែការចូលរួមវិនិយោគក្នុងវិស័យនេះ ទាមទារឱ្យមានចំណេះដឹង ជំនាញច្បាស់លាស់ដើម្បីជៀសវាងនូវហានិភ័យខាតបង់។ វិស័យនេះដែរ ក៏មិនលើកទឹកចិត្តឱ្យអ្នកវិនិយោគយកលុយពីធនាគារមកដល់ទុនវិនិយោគនោះដែរ តែត្រូវយកលុយដែលនៅសេសសល់របស់ខ្លួនមកចូលរួមវិនិយោគជាការប្រសើរបំផុត៕

LEAVE A REPLY

Please enter your comment!
Please enter your name here