មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលស្នើឲ្យក្រុមហ៊ុនធំៗចំនួន២ពិនិត្យលទ្ឋភាព វិនិយោគនៅកម្ពុជា

ដោយៈ ម៉ាលីនណា

    អន្តរជាតិៈ ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកស៊ុន ចាន់ថុលបានស្នើឲ្យក្រុមហ៊ុនធំៗចំនួន២ ពិចារ​ណា និងពិនិត្យលទ្ឋភាពវិនិយោគនៅក​ម្ពុជា។

លោកបានថ្លែងបែបនេះ ក្នុងពេលលោកដឹកនាំគណៈប្រតិភូកម្ពុជា រួមមាន ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងម៉ិកស៊ីកូ និងគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ទទួលជួបសម្តែងការគួរសម និងពិភាក្សាកាងារជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន HP។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការ ផ្តល់នូវកញ្ចប់លើកទឹកចិត្តពិសេសសម្រាប់ការវិនិយោគលើការផលិតគ្រឿង បង្គុំអេឡិចត្រូនិក ការដំឡើង ផលិតផលបច្ចេកវិទ្យាព័ត៌មាន(IT) និងឧស្សាហកម្មឌីជីថល ដែលជាវិស័យអាទិភាព និងជាឯកទេសរបស់HP។

ជាការឆ្លើយតបថ្នាក់ដឹកនាំ ក្រុមហ៊ុន HP បានបង្ហាញនូវការចាប់អារម្មណ៍ខ្ពស់ ចំពោះវឌ្ឍនភាពសេដ្ឋកិច្ចរបស់កម្ពុជា កត្តាអំណោយផលរបស់កម្ពុជា និងការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យ បច្ចេកវិទ្យាឌីជីថល។ ក្រុមហ៊ុនបានយល់ស្របចំពោះគំនិតដែលលើកឡើងថា “ការធ្វើពិពិធកម្ម ទីតាំងផលិតកម្ម គឺជាយុទ្ធសាស្ត្រដ៏សំខាន់”។

ដោយឡែកក្នុងជំនួបមួយទៀត លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូកម្ពុជា រួមមាន ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងទេសចរណ៍ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាម៉េរិក និងម៉ិកស៊ីកូ និងគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Hallie Offen ប្រធានផ្នែកកិច្ចការងារជាមួយ រដ្ឋាភិបាលប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងពាណិជ្ជកម្មអន្តរជាតិ របស់ក្រុមហ៊ុន Motorola Inc. ដែលជាក្រុមហ៊ុនមានឥទ្ធិពល និងចាស់វស្សាមួយក្នុងប្រវត្តិសាស្ត្រ នៃវិស័យបច្ចេកវិទ្យា និងគមនាគមន៍នៅក្នុងពិភពលោក។

គោលបំណងនៃជំនួបនាឱកាសនេះ គឺដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការ លើការអភិវឌ្ឍបច្ចេកវិទ្យា ទំនាក់ទំនង សន្តិសុខសាធារណៈ និងការទាក់ទាញរោងចក្រផលិត គ្រឿងបង្គុំ អេឡិចត្រូនិច មកកាន់កម្ពុជា។ កិច្ចពិភាក្សា បានប្រព្រឹត្តទៅយ៉ាងផុសផុល ដោយផ្តោតលើចំណុច គន្លឹះទាំងផ្នែកវិនិយោគ និងផ្នែកបច្ចេកទេស ក្នុងនោះដែរលោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញអំពីលក្ខខណ្ឌអំណោយផល និងការលើកទឹកចិត្តពន្ធដារខ្ពស់ ក្រោមច្បាប់វិនិយោគថ្មី សម្រាប់ក្រុមហ៊ុន ដែលវិនិយោគលើ ការផលិតគ្រឿងបង្គុំ ទូរគមនាគមន៍ ឬ ឧបករណ៍ អេឡិចត្រូនិកផ្សេងៗ។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសំណូមពរទៅកាន់ក្រុមហ៊ុន Motorola ក្នុងការពិនិត្យ លទ្ធភាពសិក្សាពីឱកាសបង្កើតរោងចក្រនៅក្នុងប្រទេសកម្ពុជា ដែលវានឹងចូលរួមជួយពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ សកលរបស់ក្រុមហ៊ុន ក៏ដូចជាបង្កើត ការងារជំនាញបន្ថែម នៅកម្ពុជាផងដែរ។

ជាការឆ្លើយតបលោកប្រធានក្រុមហ៊ុនខាងលើ បានបង្ហាញនូវការចាប់អារម្មណ៍ ជាវិជ្ជមានចំពោះបរិយាកាស វិនិយោគថ្មីរបស់កម្ពុជា និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ ទំនាក់ទំនង។

ក្រុមហ៊ុនក៏បានបង្ហាញចេតនាក្នុងការ បន្តធ្វើការយ៉ាងជិតស្និទ្ធ ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីវាយតម្លៃលទ្ធភាព ក្នុងការពង្រីកវត្តមានអាជីវកម្មនៅកម្ពុជា ទាំងការវិនិយោគដោយផ្ទាល់ និងតាមរយៈការផ្តល់ដំណោះស្រាយ បច្ចេកវិទ្យា សម្រាប់រដ្ឋាភិបាល និងវិស័យឯកជន៕

LEAVE A REPLY

Please enter your comment!
Please enter your name here