ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជានឹងដាក់បញ្ចូលយន្តហោះផលិតនៅប្រទេសចិនក្នុងការហោះហើររបស់ខ្លួន

    ដោយៈ ម៉ាលីនណា

    ភ្នំពេញៈ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា(Air Cambodia) នឹងដាក់បញ្ចូលយន្តហោះ របស់ក្រុមហ៊ុនសាជីវកម្ម ផលិតយន្តហោះរបស់ប្រទេស​​ចិនCOMAC ប្រភេទC909 ទៅក្នុងផែនការអាជីវកម្មរបស់ខ្លួន​ដែលនឹងត្រូវចាប់ផ្តើម នៅពាក់កណ្តាលឆ្នាំ២០២៦ខាងមុខ។

នេះ​ជាផ្នែកមួយនៃការគាំទ្រដល់ការធ្វើទំនើបកម្មយន្តហោះ​ (Fleet) របស់ខ្លួនសម្រាប់រយៈពេលវែង ប្រកបដោយភាពធន់ និងការប្រកួតប្រជែងទីផ្សាអាកាសចរណ៍នៅក្នុងតំបន់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផែនការ​អាជីវកម្ម​នេះ បាន​លេចឡើង​បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់ ​លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល​(SSCA) និងជាប្រធានក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia​/K6) ដែល​បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅកាន់ក្រុមហ៊ុនសាជីវកម្ម ផលិតយន្តហោះពាណិជ្ជកម្ម​នៃប្រទេសចិន Commercial Aircraft Corporation of China, Ltd. (COMAC) នៅទីក្រុងសៀងហៃ កាល​ពី​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០២៥​។

​ដំណើរ​ទស្សនកិច្ច​នេះ ​​ក៏​មាន​​លោកZhan David អគ្គនាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា មន្ត្រីជាន់ខ្ពស់របស់ SSCA ព្រម​ទាំង​តំណាងមកពីក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាជាច្រើន​ទៀត​។

រដ្ឋលេខាធិការ និង​ជាអ្នកនាំពាក្យ​ SSCA លោកស៊ីន​ ចាន់សិរីវុត្ថា បាន​មានប្រសាសន៍ឲ្យដឹងថា ដំណើរ​ទស្សន​កិច្ច​នេះ​សម្រេច​បាន​លទ្ធផល​ជា​យុទ្ធសាស្ត្រ​សំខាន់​មួយចំនួន ដូចជា ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា នឹងដាក់បញ្ចូលយន្តហោះ របស់ក្រុមហ៊ុនសាជីវកម្មផលិតយន្តហោះCOMAC ប្រភេទC909 ទៅក្នុងផែនការអាជីវកម្មរបស់ខ្លួន ដែលនឹងត្រូវចាប់​ផ្តើមនៅពាក់កណ្តាលឆ្នាំ២០២៦​ ខាងមុខ។ នេះ​ជាផ្នែកមួយ នៃការគាំទ្រដល់ការធ្វើទំនើបកម្ម កងយន្តហោះ​ (fleet) របស់ខ្លួនសម្រាប់រយៈពេលវែង ​ប្រកបដោយភាពធន់ និងការប្រកួតប្រជែងទីផ្សាអាកាសចរណ៍នៅក្នុងតំបន់។

លោក​បន្ថែម​ថា “ដំណើរទស្សនកិច្ចនេះ គឺជាការចាប់ផ្តើមនៃយុគសម័យថ្មី នៃផលប្រយោជន៍ទៅវិញទៅមក និងកិច្ចសហប្រតិបត្តិ​​ការយុទ្ធសាស្ត្រឈ្នះ-ឈ្នះ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល រួមចំណែកដល់សន្តិភាព វិបុលភាព និងការអភិវឌ្ឍ​រួមគ្នាក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ”។

លោកបាន​ថ្លែង​ថា ​កិច្ចសហប្រតិបត្តិការនេះ គឺជាធាតុផ្សំដ៏សំខាន់ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន និងជាការគាំទ្រអាទិភាពនៃការអភិវឌ្ឍរួមគ្នា ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ក្របខណ្ឌកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ និងចក្ខុវិស័យអភិវឌ្ឍន៍ការដឹកជញ្ជូនតាមផ្លូវអាកាសកម្ពុជាឆ្នាំ២០៣០។

លោកបន្តថា “នេះក៏ជាតម្លៃបន្ថែមដល់ការពង្រឹង និងការពង្រីកការតភ្ជាប់ផ្លូវអាកាស លំហូរពាណិជ្ជកម្ម ការងើបឡើងវិញនៃវិស័យ​ទេសចរណ៍ និងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងនៅទូទាំងក្នុងតំបន់ឡានឆាង-មេគង្គ”។

អមដំណើរដោយក្រុមប្រតិបត្តិជាន់ខ្ពស់ របស់ក្រុមហ៊ុនសាជីវកម្មផលិតយន្តហោះCOMAC រួមមាន លោក Yu Shihai ប្រធានប្រតិបត្តិផ្នែកហិរញ្ញវត្ថុ និងលោកស្រីLiu Yan នាយករងផ្នែកមជ្ឈមណ្ឌលទីផ្សារ។

គណៈប្រតិភូកម្ពុជា បានទៅទស្សនា​មជ្ឈមណ្ឌលសេវាកម្មអតិថិជន វិទ្យាស្ថានស្រាវជ្រាវ និង​រចនាយន្តហោះសៀងហៃ និងមជ្ឈម​ណ្ឌលផលិត និងឧបករណ៍។ ការផ្លាស់ប្តូរយោបល់ ប្រកបដោយផ្លែផ្កាបានគ្របដណ្តប់ លើការទទួលយកប្រភេទយន្តហោះ ការផ្តល់វិញ្ញា​បនបត្រយន្តហោះ ការ​អនុម័តសុវត្ថិភាពទម្រង់ នៃរចនាសម្ព័ន្ធថែទាំយន្តហោះ និងការត្រៀមខ្លួនចាំបាច់ សម្រាប់ប្រតិបត្តិការរបស់យន្តហោះ C909 សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា(Air Cambodia)។

លោក He Dongfeng ប្រធានក្រុមហ៊ុនសាជីវកម្មផលិតយន្តហោះCOMAC បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនសាជីវកម្មផលិតយន្តហោះCOMAC ក្នុងការគាំទ្រដល់ការអភិវឌ្ឍរបស់​ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ព្រម​ទាំង​ជួយកម្ពុជាក្នុងការពង្រឹងសមត្ថភាពអធិបតេយ្យភាពអាកាសចរណ៍ ដោយកំណត់ និងប្រែក្លាយក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ទៅជាក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេ​ ក្នុងការប្រើប្រាស់យន្តហោះប្រភេទC909 នៅក្នុងតំបន់។

​លោក ស៊ីន​ ចាន់សិរីវុត្ថាបានបន្តថា ដើម្បីធានាបាននូវភាពល្អឥតខ្ចោះក្នុងប្រតិបត្តិការជាបន្ត ក្រុមហ៊ុនសាជីវកម្មផលិតយន្តហោះ COMAC បានបញ្ជាក់អំពីការអនុវត្តម៉ូដែល​(គំរូ) សេវាគាំទ្រដែលទទួលស្គាល់ជាអន្តរជាតិ “6S Service Support Model” សម្រាប់ក្រុមហ៊ុន Air Cambodia មាន​ដូចជា ប្រព័ន្ធសេវាកម្ម (ផ្តល់ការគាំទ្រផ្នែកប្រតិបត្តិការ និងធានាដល់តំហែទាំគ្រប់ជ្រុងជ្រោយ) ការគាំទ្រផ្នែកផ្គត់ផ្គង់ (ផ្តល់សេវាឡូជីស្ទីក និងការផ្កត់ផ្គង់គ្រឿងបន្លាស់ប្រកប ដោយប្រសិទ្ធភាព) គ្រឿងបន្លាស់ (ធានាសារពើភណ្ឌផ្នែកគ្រឿងបន្លាស់ពីក្រុមហ៊ុនផលិតផលដើម ដោយរក្សាបាននូវប្រសិទ្ធិភាពសន្សំសំចៃខ្ពស់លើការចំណាយ) ការគាំទ្រឯកទេស (ផ្តល់វិស្វករតាមឯកទេស និងអ្នកផ្តល់ប្រឹក្សាបច្ចេកទេស ដោយផ្ទាល់នៅនឹងកន្លែង) ការគាំទ្រស្តង់ដារ (ធានាភាពអនុលោមតាមបទប្បញ្ញត្តិ ការផ្តល់នូវឯកសារ និងការធានាគុណភាព) និង​ការគាំទ្រជំនាញ (ផ្តល់ការបណ្តុះបណ្តាលប្រកបដោយនវានុវត្តកម្រិតខ្ពស់ និងផ្តល់វិញ្ញាបនបត្រសម្រាប់អ្នកបច្ចេកទេស និងក្រុមនាវិកកម្ពុជា)៕

LEAVE A REPLY

Please enter your comment!
Please enter your name here