ដោយៈ ម៉ាណា
កំពតៈ ធនាគារជាតិនៃកម្ពុជា បានប្រារព្ធទិវាសន្សំអាស៊ានលើកទី៦ ក្រោមប្រធានបទ “សន្សំប្រាក់ដោយភាពវៃឆ្លាត សន្សំប្រាក់ដោយក្តីស្រឡាញ់” នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នៅក្រុងកំពត ខេត្តកំពត។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកយឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និងលោកចាន់ ថា អភិបាលរងនៃគណៈអភិបាលខេត្តកំពត ព្រមទាំងវត្តមានពីតំណាង សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា អង្គភាពថ្នាក់ខេត្ត គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងសិស្សានុសិស្ស សរុបប្រមាណ៦៧៤រូប។
ទន្ទឹមនេះ កម្មវិធីនេះ ក៏មានការប្រកួតប្រជែងរបស់សិស្សានុសិស្សមកពីវិទ្យាល័យចំនួន៥ ដើម្បីបំផុសនិងជំរុញវប្បធម៌សន្សំប្រាក់ និងកិច្ចពិភាក្សារបស់វាគ្មិនកិត្តិយស ដែលបានបកស្រាយអំពីសារៈសំខាន់នៃ “ទម្លាប់ការសន្សំប្រាក់”។
នាពេលរសៀល កម្មវិធីនេះបានបន្ត យ៉ាងផុលផុសនិងពិលាសដោយមានការចូលរួមតាំងពិព័រណ៍ផ្សព្វផ្សាយ អំពីផលិតផលគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ព្រមទាំងការចូលរួមប្រកួតប្រជែង ឆ្លើយសំណួរយករង្វាន់ពីសិស្សានុសិស្ស មកពីវិទ្យាល័យជុំវិញក្រុងកំពត យ៉ាងច្រើនកុះករផងដែរ។
“ទិវាសន្សំអាស៊ាន” ដែលត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនាថ្ងៃទី៣១ ខែតុលា គឺជាការផ្តួចផ្តើមរបស់ប្រទេស ជាសមាជិកអាស៊ាន ក្នុងគោលបំណងលើកកម្ពស់ ការយល់ដឹងរបស់សាធារណជនអំពីសារៈសំខាន់នៃការសន្សំប្រាក់ សំដៅជំរុញបរិយាបន្នហិរញ្ញវត្ថុនៅក្នុងប្រទេសជាសមាជិក។
ការសន្សំប្រាក់ផ្តល់សារៈសំខាន់ ក្នុងការធានាសុវត្ថិភាពហិរញ្ញវត្ថុ ដែលអាចឱ្យគ្រួសារមានលទ្ធភាព បំពេញតម្រូវការនានាក្នុងស្ថានភាពបន្ទាន់ និងសម្រេចបានគោលដៅអនាគត ប្រកបដោយក្តីស្រលាញ់។ ទន្ទឹមនេះ ការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយភាពវៃឆ្លាត និងការបង្កើតទម្លាប់សន្សំជាប្រចាំ ជួយបង្កើតមូលដ្ឋានគ្រឹះរឹងមាំ សម្រាប់សុភមង្គលនិងស្ថិរភាពហិរញ្ញវត្ថុក្នុងគ្រួសារ ព្រមទាំងជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព៕










