ដោយ: សហសេវិក
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងការជួញដូរនៅថ្ងៃព្រហស្បតិ៍នេះ ខណៈប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអះអាងថា លោកនឹងកាត់បន្ថយពន្ធគយលើទំនិញនាំចូលមកពីប្រទេសចិនពី៥៧ភាគរយមកនៅត្រឹម៤៧ភាគរយ បន្ទាប់ពីកិច្ចប្រជុំជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅប្រទេសកូរ៉េខាងត្បូង។
លោក ត្រាំ បានឯកភាពកាត់បន្ថយពន្ធគយលើទំនិញរបស់ប្រទេសចិនក្នុងកិច្ចព្រមព្រៀងរយៈពេល១ឆ្នាំ ដើម្បីជាថ្នូរនឹងការ ដែលទីក្រុងប៉េកាំងបន្តទិញសណ្តែកសៀងរបស់សហរដ្ឋអាមេរិក និងបន្តនាំចេញរ៉ែកម្រ ព្រមទាំងបង្ក្រាបការជួញដូរខុសច្បាប់នៃសារធាតុញៀន fentanyl។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៤០សេនមកនៅត្រឹម៦៤,៦២ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0531 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានធ្លាក់ចុះ៣១សេនមកនៅត្រឹម៦០,១៧ដុល្លារក្នុងមួយបារ៉ែល៕







