ដោយៈ ចំណាន
សៀមរាបៈ ក្រសួងទេសចរណ៍ សហការជាមួយ ស្ថានទូតចិន និងរដ្ឋបាលខេត្តសៀមរាប រៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពី “សេវាកម្មឧត្តមភាព ការអភិវឌ្ឍជំនាញ និងនវានុវត្តន៍ទេសចរណ៍”។
វគ្គបណ្តុះបណ្តាលនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅសណ្ឋាគាររ៉ូយ៉ាល់អង្គររីសត ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ អគិបាលរងខេត្ត បានចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពី“សេវាកម្មឧត្តមភាព ការអភិវឌ្ឍជំនាញ និងនវានុវត្តន៍ទេសចរណ៍”។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកសុង តុងហាប់ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោកLU QIZHI អគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប ដោយមានការចូលរួមពី អ្នកជំនាញ និងសិក្ខាកាម រួមជាមួយគ្រូបង្គោលដែលមានជំនាញក្នុងវិស័យទេសចរណ៍ មកពីប្រទេសទាំង៦ នៃតំបន់មេគង្គ-ឡានឆាង ដែលមានសមាសភាពមកពីស្ថាប័នរដ្ឋ និងវិស័យឯកជននានា ព្រមទាំងមន្ទីរទេសចរណ៍រាជធានី-ខេត្ត សរុបប្រមាណ២០០នាក់។
កិច្ចប្រជុំរួមគ្នានេះ បានបញ្ជាក់យ៉ាងច្បាស់អំពី “ការរួបរួម និងការប្តេជ្ញាចិត្តរួមគ្នារបស់យើង” នៅក្នុងតំបន់មេគង្គ ការច្នៃប្រឌិតទេសចរណ៍ បម្រើជាគោលការណ៍គ្រឹះ ដែលនឹងដឹកនាំកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីធ្វើឱ្យទេសចរណ៍កាន់តែរីកចម្រើន និងនិរន្តរភាពក្នុងយុគសម័យថ្មី៕










