ដោយ: សុខុម
វ៉ាស៊ីនតោន: យន្តហោះ Boeing 737 MAX ដែលជាជំនាន់ទី៤ នៃយន្តហោះ Boeing 737 បានចាប់ផ្ដើមជើងហោះហើរដឹកអ្នកដំណើរនៅសហរដ្ឋអាមេរិកឡើងវិញជាលើកដំបូង កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីបម្រាមរយៈពេល២០ខែ ជុំវិញបញ្ហាសុវត្ថិភាពត្រូវបានដកចេញវិញកាលពីខែមុន។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយក្នុងថ្ងៃដដែល។
ជើងហោះហើរលេខ៧១៨ (Flight 718) របស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក (American Airlines) បានចុះចតនៅអាកាសយានដ្ឋាន LaGuardia Airport នៅញូវយ៉ក វេលាម៉ោង ១:០៨ នាទីរសៀល ក្រោយចេញដំណើរពីក្រុងម៉ៃអាមី (Miami) ប្រហែល២ម៉ោងកន្លះមុននេះ។ អ្នកយកព័ត៌មានម្នាក់នៃសារព័ត៌មាន CNBC បានធ្វើសេចក្ដីរាយការណ៍ថា ភរិយារបស់កាពីទែននៃជើងហោះហើរនេះ និងម្ដាយរបស់សហពីឡុតក៏ស្ថិតនៅលើជើងហោះហើរក្នុងចម្ងាយផ្លូវ១.៩៣១គីឡូម៉ែត្រនេះដែរ។
ក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing បានព្យាយាមធ្វើយ៉ាងណាឱ្យសាធារណជនមានទំនុកចិត្តឡើងវិញលើសុវត្ថិភាពនៃយន្តហោះនេះ បន្ទាប់ពីក្រុមនិយ័តករអាកាសចរណ៍អាមេរិក កាលពីខែវិច្ឆិកា បានដកបម្រាមចេញដើម្បីឱ្យវាបន្តជើងហោះហើរឡើងវិញ។
ការស្ទង់មតិមួយដែលធ្វើឡើងដោយទីភ្នាក់ងារព័ត៌មាន Reuters បង្ហាញថា ជាងពាក់កណ្ដាលនៃអ្នកដំណើរហាក់មានការប្រុងប្រយ័ត្នណាស់ចំពោះការជិះយន្តហោះនេះ នៅពេលរំឭកដល់ព្រឹត្តិការណ៍យន្តហោះធុននេះធ្លាក់២លើក ដែលឈានទៅដល់ការផ្អាកលែងឱ្យយន្តហោះនេះហោះហើរទូទាំងពិភពលោក។
មុនពេលហោះហើរ លោក Robert Isom ប្រធានក្រុមហ៊ុនអាកាសចរណ៍អាមេរិក បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្រុងមៃអាមី ថា “យន្តហោះនេះត្រៀមរួចហើយដើម្បីចេញដំណើរ។ ក្រុមហ៊ុនមានទំនុកចិត្តលើសុវត្ថិភាពនៃយន្តហោះ 737 MAX នេះ”។
យន្តហោះ Boeing 737 MAX បានជាប់បម្រាមមិនឱ្យហោះហើរនៅខែមីនា ឆ្នាំ២០១៩ រយៈពេល២០ខែ បន្ទាប់ពីយន្តហោះនេះរហូតដល់ទៅ២គ្រឿង បានធ្លាក់ក្នុងរយៈពេលត្រឹមតែ៥ខែ ដែលបានផ្ដាច់ជីវិតមនុស្សសរុប៣៤៦នាក់។
ទោះជាយ៉ាងណា បម្រាមនេះត្រូវបានរដ្ឋបាលអាកាសចរណ៍សហព័ន្ធ (Federal Aviation Administration) ហៅកាត់ FAA បានដកចេញវិញកាលពីខែមុន ក្រោយពីក្រុមហ៊ុន Boeing យល់ព្រមកែលម្អប្រព័ន្ធសូហ្វវែរ និងប្រព័ន្ធគ្រប់គ្រងជើងហោះហើរដែលទាក់នឹងករណីធ្លាក់ទាំង២លើក៕