ទំហំពាណិជ្ជកម្មជាមួយបណ្តាប្រទេសជាសមាជិកអាស៊ានសម្រេចបានទឹកប្រាក់ជាង១២ពាន់លានដុល្លារ

ដោយៈ ចំណាន

    ភ្នំពេញៈ ទំហំនៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជា ​ជាមួយ​បណ្ដា​ប្រទេស​ជា​សមា​ជិក​អាស៊ាន សម្រច​បាន​នូវ​ទំហំ​ទឹក​ប្រាក់ ១២,២៨ពាន់​លាន​ដុល្លារ នៅ​ក្នុង​រយៈ​ពេល៩ខែ ឆ្នាំ២០២៥ ​កើន​ឡើង៤,៧៨% ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាលពីឆ្នាំមុន។​

យោង​តាមទិន្នន័យរបស់​ក្រសួង​ពាណិជ្ជកម្ម​បានបង្ហាញថា គិត​ចាប់​ពី​ខែ​មករា ​ដល់​ខែកញ្ញាឆ្នាំ​២០២៥ កម្ពុជា​បាន​នាំ​ចេញ​ទំនិញមានតម្លៃ​៤,៤៧ពាន់លានដុល្លារ ​ទៅកាន់បណ្ដាប្រទេសជាសមាជិក ASEAN ​រួមមាន ប្រទេស​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី ថៃ ប៊្រុយនេ វៀតណាម ឡាវ និង​ប្រទេស​ភូមា។ ​ទន្ទឹមនឹងនេះ ​ការនាំ​ចូលប្រទេស​ជាសមាជិក ​មានទឹកប្រាក់ប្រមាណ៧,៨០ ពាន់លានដុល្លារ ធ្លាក់​ចុះ១,៣៥ ភាគរយ។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន ​សុវិជាតិ បានមានប្រសាសន៍ថា ​ការ​កើន​ឡើង​នៃ​ការដោះ​ដូរ​ទំនិញ​ របស់​កម្ពុជា​ជាមួយ​ប្រទេស​សមាជិក​អាស៊ាន​ ឆ្លុះ​បញ្ជាំង​ពី​ការងើប​ឡើងវិញ​ នៃ​តម្រូវ​ការ​ក្នុង ​​ក្នុង​តំបន់ និង​ពិភពលោក​។

ជាមួយគ្នានេះ លោក​បណ្ឌិត ជ័យ តិច អ្នក​ស្រាវ​ជ្រាវ​ការ​អភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រាប់​កម្ពុជា​ថ្មី​នៅ​ថ្ងៃ​អង្គារ៍​ទី២១ ខែ តុលា ឆ្នាំ ២០២៥ ថា កម្ពុជា​​ទើប​តែ​ដាក់​ឱ្យ​ដំណើរ​ការ ​ព្រលាន​អន្តរជាតិ​តេជោ ​និង​ការ​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្មសេរី ជាមួយតំបន់ និងអន្តរជាតិជាច្រើន ធ្វើឱ្យ​ពាណិជ្ជ​កម្ម​របស់​កម្ពុជា​មាន​ភាព​ល្អប្រសើរ​។​

កម្ពុជា​បាន​នាំចេញ​កសិផល សម្លៀក​បំពាក់ ស្បែក​​ជើង កាបូប គ្រឿង​អេ​ឡិច​​ត្រូ​និក និង​ កង់ទៅកាន់​ប្រទេស​អាស៊ាន ខណៈដែល​ការនាំ​​ចូល​មានដូចជា​ចំណីអាហារ ភេសជ្ជៈ ឧបករណ៍​អគ្គិសនី និង​អេឡិចត្រូនិក សម្ភារ​សំ​​ណង់ គ្រឿង​យន្ត​កសិកម្ម និង​យានជំនិះ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here