ទីផ្សារស្វាយចន្ទីកម្ពុជាកំពុងពង្រីកកាន់តែទូលាយ ខណៈប្រទេសប៊ុលហ្ការីត្រៀមនាំចូលពីកម្ពុជា

ដោយៈ ម៉ាណា

    ភ្នំពេញៈ គ្រាប់ស្វាយចន្ទីកម្ពុជា ពិតជាបាននិងកំពុងពង្រីកខ្លួនទៅកាន់ទីផ្សារសកល ដោយប្រទេសប៊ុលហ្គារី ចូលរួមក្នុងបញ្ជីប្រទេសដែលចាប់អារម្មណ៍ក្នុងការនាំចូលផលិតផលកសិកម្មពីកម្ពុជា។

ព័ត៌មាននេះត្រូវបានបង្ហាញ នៅក្នុងឱកាសជំនួបពិភាក្សាការងាររវាងលោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Maxim Behar ប្រធានទីមួយនៃសភាពាណិជ្ជកម្មប៊ុលហ្គារី (BCC) កាលពីថ្ងៃចន្ទនៅទីស្តីការក្រសួង នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងឱកាសនៃកិច្ចពិភាក្សានោះ មន្ត្រីជាន់ខ្ពស់នៃសភាពាណិជ្ជកម្មមកពីប្រទេសអឺរ៉ុបខាងកើត បានបង្ហាញពីចំណាប់អារម្មណ៍របស់វិនិយោគិនប៊ុលហ្គារី ក្នុងការស្វែងរកឱកាសក្នុងវិស័យកសិកម្ម របស់ព្រះរាជាណាចក្រកម្ពុជា។

លោក Behar នាយកប្រតិបត្តិនៃក្រុមហ៊ុន M3 Communications Group បានថ្លែងថា សភាពាណិជ្ជកម្មប៊ុលហ្គារី នឹងរួមចំណែកក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងប៊ុលហ្គារី ដោយផ្តោតជាពិសេសលើសក្តានុពល នៃការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជា និងលទ្ធភាពនៃការវិនិយោគ ក្នុងវិស័យកសិកម្មរបស់ប្រទេស។

លោកបានមានប្រសាសន៍ថា “គុណភាពខ្ពស់ និងរសជាតិឆ្ងាញ់ពិសា នឹងផ្តល់ឱ្យគ្រាប់ស្វាយចន្ទីកម្ពុជា នូវមុខតំណែងលេចធ្លោមួយនៅទូទាំងទីផ្សារកសិកម្មពិភពលោកនៅថ្ងៃខាងមុខ”។

ទាក់ទងនឹងការវិនិយោគ ក្នុងវិស័យកសិផលរបស់ប្រទេសនេះ លោកបានលើកឡើងថា “កម្ពុជាផ្តល់នូវក្របខ័ណ្ឌច្បាប់អំណោយផល ដែលផ្តល់នូវការលើកទឹកចិត្ត និងអត្ថប្រយោជន៍ជាច្រើន សម្រាប់អ្នកវិនិយោគក្នុងស្រុក និងបរទេស ជាពិសេសក្នុងឧស្សាហកម្មកែច្នៃ និងវេចខ្ចប់”។

លោក ប្រាក់ ដាវីដ បានលើកឡើងពីវេទិកា និងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៥ (CAFE25) ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខ ដែលមានបំណងភ្ជាប់ភាគីពាក់ព័ន្ធ នៅក្នុងខ្សែច្រវាក់តម្លៃកសិកម្ម រួមទាំងកសិករ ផលិតករ អ្នកកែច្នៃ ពាណិជ្ជករ វិនិយោគិន អ្នកបង្កើតគោលនយោបាយ និងដៃគូអភិវឌ្ឍន៍។

ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ។

លោកបានអញ្ជើញគណៈប្រតិភូ និងវិនិយោគិនប៊ុលហ្គារី ឱ្យចូលរួមក្នុងកម្មវិធីCAFE25 ដែលជាព្រឹត្តិការណ៍កសិកម្មដំបូងគេ និងធំជាងគេរបស់កម្ពុជា ដែលនឹងប្រារព្ធឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

លោករដ្ឋលេខាធិការ បានពណ៌នាព្រឹត្តិការណ៍នាពេលខាងមុខថាជាវេទិកាដ៏រស់រវើកមួយ ក្នុងការលើកកម្ពស់ពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ និងជំរុញការកែច្នៃកសិ- ស្បៀងអាហារកម្ពុជា សម្រាប់ទីផ្សារអន្តរជាតិ។

គ្រាប់ស្វាយចន្ទីកម្ពុជា កំពុងឈានទៅមុខជាសាកល ជាមួយនឹងសក្ដានុពលខ្លាំងសម្រាប់កំណើន ដោយសារគុណភាពខ្ពស់ អាកាសធាតុអំណោយផល និងការគាំទ្រពីរដ្ឋាភិបាលសម្រាប់ការកែច្នៃ និងការនាំចេញ។

គុណសម្បត្តិរួមមានគុណភាពប្រណីត នៃពូជជាក់លាក់ដូចជា M23 ឋានៈរបស់កម្ពុជាជាអ្នកផលិត គ្រាប់ស្វាយចន្ទីឆៅដ៏ចម្បង និងការកើនឡើងនៃតម្រូវការអន្តរជាតិ ជាពិសេសពីសហរដ្ឋអាមេរិក និងអឺរ៉ុប៕

LEAVE A REPLY

Please enter your comment!
Please enter your name here