ដោយៈ ម៉ាលីនណា
ភ្នំពេញៈ លោក Anthony Gill នាយកស្តីទីADBប្រចាំកម្ពុជា បានលើកឡើងពីកម្មវិធីកំណែទម្រង់សំខាន់ៗ ដែលកម្ពុជាត្រូវធ្វើ ដើម្បីរុញការអភិវឌ្ឍសេដ្ឋកិច្ចកាន់តែខ្លាំង និងឆាប់រហ័សខណៈបច្ចុប្បន្ននេះ សេដ្ឋកិច្ចកម្ពុជាកំពុងរងសម្ពាធ ដោយសារជម្លោះព្រំដែនជាមួយថៃ។
លោក Anthony Gill បានមានប្រសាសន៍ថា ដើម្បីធានាបាននូវកំណើនប្រកបដោយបរិយាប័ន្ន និងធន់ កម្ពុជាត្រូវតែពង្រីកការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចការពារសង្គម។ ការនេះអាចធ្វើទៅបានលុះត្រា តែមានការកៀរគរធនធានក្នុងស្រុក កាន់តែមានប្រសិទ្ធភាព។
លោកបន្ថែមថា “ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ច ដែលមានមូលដ្ឋានទូលំទូលាយ និងផ្តល់អត្ថប្រយោជន៍ ប្រកបដោយបរិយាបន្ន កម្ពុជា ត្រូវការបណ្តាញផ្លូវប្រសើរជាងមុន ថាមពលកាន់តែច្រើន ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព និងជំនួយសង្គមនានា ដើម្បីជួយដល់ក្រុមងាយរងគ្រោះក្នុងគ្រាមានវិបត្តិ”។
លោកបន្តថា បន្ថែមពីនេះ ការកៀរគរធនធានក្នុងស្រុក មានសារៈសំខាន់ណាស់ ព្រោះវាអនុញ្ញាតឱ្យរាជរដ្ឋាភិបាល អាចចំណាយលើទំនិញសាធារណៈសំខាន់ៗ ក៏ដូចជាបណ្តាញសុវត្ថិភាពសង្គម។
លោកបន្តថា ADB កំពុងគាំទ្ររដ្ឋាភិបាល ក្នុងការអនុវត្តកំណែទម្រង់សារពើពន្ធ ដូចជាពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួន តាមរយៈប្រាក់កម្ចីផ្អែកលើគោលនយោបាយ សម្រាប់គ្រប់គ្រងវិស័យសាធារណៈ។
ជាមួយនេះ លោកAnthony Gill បានលើកឡើងផងដែរពីសម្ពាធមួយចំនួន ដែលនាំឱ្យការអភិវឌ្ឍអន់ថយ ស្របពេលដែលកំពុងមានភាពតានតឹង នៅតាមបណ្តោយព្រំដែនជាមួយប្រទេសថៃ ដែលនាំដល់បញ្ហាប្រឈម សម្រាប់ការងើបឡើងវិញ។
ផលប៉ះពាល់ទាំងនោះមានដូចជា ការរំខានដល់ពាណិជ្ជកម្ម និងអតិផរណា ការរំខានដល់ទីផ្សារការងារ និងភាពអត់ការងារធ្វើ ការរំខានផ្នែកទេសចរណ៍ និងការបាត់បង់ប្រាក់ចំណូលជាដើម។
លោកបញ្ជាក់ថា “បញ្ហាប្រឈមទាំងនេះ ធ្វើឱ្យការវិនិយោគដែលបានលើកឡើងខាងលើ ជាពិសេសលើហេដ្ឋារចនាសម្ព័ន្ធ បរិយាកាសអាជីវកម្ម និងជាពិសេសធនធានមនុស្ស កាន់តែមានសារៈសំខាន់”៕









