មន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា ន័រវេសពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការ

ដោយៈ ម៉ាណា

    ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារលោកជំទាវ Astrid Emilie Helle ឯកអគ្គរាជទូតប្រទេសន័រវែសប្រចាំកម្ពុជា ដើម្បីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធ នឹងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងកម្ពុជា និងន័រវែស។

នាឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងពង្រឹងអនុលោមភាពទៅនឹងបទប្បញ្ញត្តិ និងស្តង់ដារអន្តរជាតិ ដើម្បីត្រៀមខ្លួនចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកជំទាវរដ្ឋលេខាធិការបន្តថា ក្រសួងពាណិជ្ជកម្ម បាននឹងកំពុងរៀបចំ ក្របខណ្ឌគោលនយោបាយពាណិជ្ជកម្ម ឆ្នាំ២០៣០ បង្កើតថ្នាលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA Portal) និងជំរុញពាណិជ្ជកម្មឌីជីថល។

ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវ បានស្នើសុំភាគីមិត្តពិចារ​ណាលើការបង្កើតយន្តការរួមគ្នា និងកិច្ចពិគ្រោះយោបល់រវាងវិស័យឯកជន នៃប្រទេសទាំងពីរ ផងដែរ។

ជាកិច្ចឆ្លើយតប លោកជំទាវឯកអគ្គរាជទូត បានចែករំលែកអំពីស្ថានភាពសេដ្ឋកិច្ចន័រវែស និងស្វាគមន៍ចំពោះសំណើរបស់លោកជំទាវរដ្ឋលេខាធិការ ព្រមទាំងបានបង្ហាញពីចំណាប់អារម្មណ៍ ក្នុងការចូលរួមក្នុងកម្មវិធីពាក់ព័ន្ធនានា តាមការអញ្ជើញរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា។

ភាគីទាំងពីរ បានបង្ហាញពីឆន្ទៈក្នុងការជួយជំរុញ កិច្ចសហការរវាងវិស័យឯកជន ដែលជាកាតាលីករជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោ​យភាពធន់ បរិយាបន្ននិងចីរភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here