លោកសំ សុខនឿន៖ ឆ្នាំ២០២១ វិស័យអចលនទ្រព្យអាចនឹងល្អជាងឆ្នាំ២០១៩

ដោយ៖ លក្ខិណា

ភ្នំពេញ៖ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានលើកឡើងថា ស្ថានភាពអចលនទ្រព្យនៅកម្ពុជានៅឆ្នាំ២០២១ នឹងអាចមានសន្ទុះខ្លាំងជាងឆ្នាំ២០១៩ទៅទៀត ល្គិកណាវ៉ាក់សាំងប្រឆាំងកូវីដ១៩ មានប្រសិទ្ធភាពនិងអាចប្រើប្រាស់បាន។

លោកសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកល បានមានប្រសាសន៍តាមទូរសព្ទនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ឱ្យដឹងថា បើមើលពីស្ថានភាព និងសន្ទុះនៃវិស័យអចលនទ្រព្យនៅឆ្នាំ២០២១ អាចនឹងល្អជាងឆ្នាំ ២០១៩ កាលពីមុនមានវិបត្តិជំងឺកូវីដ១៩ទៅទៀត បើសិនជាវ៉ាក់សាំងប្រឆាំងកូវីដ១៩ មានប្រសិទ្ធភាពនិងអាចប្រើប្រាស់បាន។

លោកបានបន្តថា ក៏ប៉ុន្តែបើសិនជាគ្មានប្រសិទ្ធភាពវិស័យសេដ្ឋកិច្ច ក៏ដូចជាវិស័យអចលនទ្រព្យគឺនៅតែបន្តអូសបន្លាយ នៃវិបត្តិបន្តទៀត។
លោកបានមានប្រសាសន៍ថា វិបត្តិវិស័យអចលនទ្រព្យក៏ដូចជាវិស័យផ្សេងទៀត នៅក្នុងប្រទេសនិងនៅលើពិភពលោកទាំងមូល គឺបណ្ដាលមកពីការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ហើយនៅពេលដែលវ៉ាក់សាំងប្រឆាំងកូវីដ១៩ ហាក់បង្ហាញពន្លឺក្នុងការកំចាត់មេរោគនេះ នោះក៏បានបង្ហាញពីពន្លឺនៃវិស័យអចលនទ្រព្យ ក្នុងប្រទេសកម្ពុជាផងដែរ។
លោកបានថ្លែងថា “វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាផ្ដោតសំខាន់លើការវិនិយោគមកពីបរទេស ហើយនៅពេលវិនិយោគិនបរទេសមានព្រំដែនក្នុងការដើរហើរនិងស្វែងរកការវិនិយោគ វាពិតជាធ្វើឱ្យកម្រិតនៃការវិនិយោគនៅក្នុងប្រទេសកម្ពុជាធ្លាក់ចុះដែរ។ ឆ្នាំ ២០១៩ ការវិនិយោគមានភាពល្អណាស់ តែចូលដល់ឆ្នាំ ២០២០ ការវិនិយោគអចលនទ្រព្យក៏ចាប់ផ្ដើមមានបញ្ហា ការទិញលក់ត្រូវថមថយ ជាពិសេសសកម្មភាពវិនិយោគមកពីបរទេស”។
លោកបន្ថែមថា នៅក្នុងឆ្នាំ២០២១ខាងមុខនេះ បើសិនជាវ៉ាក់សាំងកូវីដ១៩ ត្រូវបានប្រើប្រាស់ទូលំទូលាយ និងមានប្រសិទ្ធភាព វិនិយោគិនបរទេសនឹងចាប់ផ្ដើមធ្វើដំណើរចេញចូលប្រទេសកម្ពុជាឡើងវិញ ហើយសន្ទុះនឹងអាចងើបឡើងខ្លាំងជាងកាលឆ្នាំ ២០១៩ទៅទៀត។ អ្វីដែលពលរដ្ឋក៏ដូចជាវិនិយោគិនក្នុងស្រុក ត្រូវធ្វើនោះ គឺការត្រៀមដីសម្រាប់ទុកសហការឬលក់ជូនវិនិយោគិនបរទេសនៅពេលវិបត្តិត្រូវបានបញ្ចប់។
បើតាមច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាក៏បានលើកឡើងស្រដៀងគ្នាដែរថា វិស័យអចលនទ្រព្យក៏ដូចជាវិស័យផ្សេងទៀត ដែលគាំទ្រដល់សេដ្ឋកិច្ច អាចងើបឬនៅថេរ អាស្រ័យលើវ៉ាក់សាំងប្រឆាំងកូវីដ១៩។ បើសិនជាវ៉ាក់សាំងនេះអាចមានប្រសិទ្ធភាព វិស័យអចលនទ្រព្យត្រូវការពេលវេលាដើម្បីស្ដារឱ្យងើបឡើងវិញ ហើយវាក៏អាស្រ័យលើប្រសិទ្ធភាពប៉ុណ្ណាដែរ។
យ៉ាងណាក្ដី វិនិយោគិនក្នុងស្រុកជាច្រើន បានរំពឹងដូចគ្នាថា ឆ្នាំ ២០២១ នឹងមិនដូចឆ្នាំ២០២០នោះទេ។ ស្ថានភាពអចលនទ្រព្យអាចនឹងវិលទៅរកឆ្នាំ ២០១៩ឬអាចល្អជាងឆ្នាំ ២០១៩ ជាមួយនឹងកំនើនវិនិយោគិនបរទេសនិងក្នុងស្រុក ជាក់ស្ដែងគម្រោងវិនិយោគវិនិយោគជាច្រើនតៀតបាននិងកំពុងទាក់ទាញដល់បណ្ដាវិនិយោគិនបរទេសនិងក្នុងស្រុកក្នុងការបណ្ដាក់ទុនវិនិយោគបន្តបន្ទាប់៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here