ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានស្ថិតក្នុងសភាពទ្រឹងក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ ស្របពេលមានការរំពឹងទុកចំពោះការធ្លាក់ចុះនៃតម្រូវការប្រេងឆៅសកល និងការផ្គត់ផ្គង់ប្រេងលើសតម្រូវការ ទោះបីជាអង្គការនៃបណ្តាប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត(OPEC+) ប្រកាសបង្កើនការផលិតប្រេងទាបជាងការរំពឹងទុកយ៉ាងណាក្តី។
ទោះជាយ៉ាងណា ភាពតានតឹងភូមិសាស្ត្រនយោបាយបានទប់ស្កាត់មិនឱ្យតម្លៃប្រេងឆៅធ្លាក់ចុះ ដោយសារសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនជះផលប៉ះពាល់ដល់ទីផ្សារថាមពល និងបង្កើតភាពមិនច្បាស់លាស់អំពីការផ្គត់ផ្គង់ប្រេងរបស់រុស្ស៊ី។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង១សេនដល់៦៥,៤៨ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0014 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានស្ថិតនៅទ្រឹងត្រឹម៦១,៦៩ដុល្លារក្នុងមួយបារ៉ែល៕







