កម្ពុជាពង្រឹងខ្លួនដើម្បីត្រៀមបើកឲ្យអឺរ៉ុបធ្វើសវនកម្មនៅឆ្នាំ២០២៦ដើម្បីពង្រីកឱកាសនាំចេញ

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ស្ថាប័នជំនាញកម្ពុជាពង្រឹងប្រព័ន្ធត្រួតពិនិត្យ សុវត្ថិភាពម្ហូបអាហារផ្លូវការ ក្នុងការត្រៀមលក្ខណៈ សម្រាប់សវនកម្មពី​សហភាពអឺរ៉ុបនៅ​ឆ្នាំក្រោយ​ ដើម្បី​សម្រួល​ដល់​ការចុះបញ្ជី សហគ្រាសជលផលកម្ពុជាក្នុងការនាំចេញទៅកាន់សហភាព​អឺរ៉ុប និងពង្រីកទីផ្សារអន្តរជាតិផ្សេងៗទៀត។

កិច្ចការសំខាន់ចំពោះមុខនាពេលនេះ ជាការត្រៀមលក្ខណៈសម្រាប់សវនកម្មពី អគ្គនាយកដ្ឋានសុខភាព ​និងសុវត្ថិភាពម្ហូបអាហារ (DG SANTE) នៃសហភាពអឺរ៉ុប ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងឆ្នាំ២០២៦ ដើម្បីសម្រួលដល់ការចុះបញ្ជី សហគ្រាសជលផលកម្ពុជាក្នុងការនាំចេញទៅកាន់សហភាពអឺរ៉ុប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រដ្ឋបាលជលផល(FiA) នៃក្រសួងកសិកម្ម រុក្ខាប្រ​មាញ់ និងនេសាទ ក៏កំពុងបន្តពិភាក្សាលើការចុះហត្ថលេខា សម្រាប់អនុស្សរណៈនៃការយោគយល់ ជាមួយរដ្ឋសមា​ជិកអាស៊ានផ្សេងទៀត ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មក្នុងតំបន់។

នេះជាការលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានរួម របស់រដ្ឋបាលជលផល អង្គការUNIDO និងសហភាពអឺរ៉ុប ក្រោយពីបានរៀបចំសិក្ខាសាលាបិទបញ្ចប់គម្រោងសម្រាប់លទ្ធផលទី១ នៃគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) នាថ្ងៃចន្ទ ទី៦ ខែតុលានេះ។

លោកឃួន អេវីរ៉ាតប្រធានស្តីទី ផ្នែកសហប្រតិបត្តិការរបស់ប្រតិភូ​នៃសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ​បាន​សង្កត់​ធ្ងន់​លើ​សារៈសំខាន់នៃសវនកម្មពីDG SANTE នាពេលខាងមុខដូច្នេះថា “ការឆ្លងកាត់សវនកម្មនេះដោយ​ជោគជ័យ​ នឹងបើក​ឱ​កាស​ទីផ្សារថ្មីៗ សម្រាប់ផលិតផលជលផល និង​ពង្រឹង​កេរ្តិ៍ឈ្មោះ​របស់​កម្ពុជា​ ជាប្រទេស​ផ្គត់ផ្គង់​ផល​ផលិត​ផលជល​ផលមានគុណភាពនិងសុវត្ថិភាព”។

សិក្ខាសាលាដែលដឹកនាំដោយ រដ្ឋលេខាធិការ ក្រសួងកសិ​កម្ម  លោកប្រាក់ ដាវីដបានបង្ហាញ​អំពីសមិទ្ធផលដ៏គួរឱ្យ កត់​សម្គាល់របស់គម្រោង និងតួនាទីរបស់គម្រោង ក្នុងការជំរុញការផ្លាស់ប្តូរក្នុងវិស័យជលផលនៅកម្ពុជា។

ខណៈដែលគម្រោង CAPFISH-Capture) កំពុងបោះជំហានទៅបិទបញ្ចប់នាខែធ្នូ ឆ្នាំ២០២៥ ខាងមុខ គម្រោង សម្រេចបាន​វឌ្ឍនភាពគួរ​ឱ្យកត់​សម្គាល់​ក្នុងការបង្កើត និងដាក់ឱ្យអនុវត្តនូវប្រព័ន្ធត្រួត​ពិនិត្យ​សុវត្ថិភាព​ម្ហូបអាហារផ្លូវ​ការ ដ៏រឹងមាំ​មួយ​ផ្តើម​ចេញ​ពីវិ​ស័យជលផល។ ក្រសួងកសិកម្មក៏បានបញ្ជាក់ជាថ្មី ពីការប្តេជាចិត្តរបស់ក្រសួងចំពោះសន្តិសុខស្បៀងសុខមាលភាពសហគមន៍ និងកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន។

ក្រោមការគាំទ្រថវិកាពីសហភាពអឺរ៉ុប (EU) និងអនុវត្តរួមគ្នាដោយរដ្ឋបាលជលផល និងអង្គការUNIDO គម្រោងនេះ​មាន​សុខុមុមនីយកម្ម​ ទៅនឹងស្តង់​ដារសុវត្ថិភាព​ម្ហូប​អាហារអន្តរជាតិ។ នេះជាការត្រួសត្រាយផ្លូវឱ្យផល ផលិតផលជលផលកម្ពុជា បង្ហាញវត្តមាននៅលើទីផ្សារអន្តរជាតិ បានកាន់តែទូលំទូលាយ និងរួមចំណែកលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ។

ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាប្រធានរដ្ឋបាលជលផល លោកពុំ សុថាបានមានប្រសាសន៍ថា សមិទិ្ធផលគម្រោងមានតម្លៃលើសពីប្រព័ន្ធវិញ្ញាបនបត្រ និងគោលការណ៍ណែនាំបច្ចេកទេសពាក់ព័ន្ធដែលគម្រោងបានចូលរួមបង្កើត ហើយគម្រោងបន្សល់ទុកនូវកេរដំណែលនៃការផ្លាស់ប្តូរ និង​ជានិមិត្ត​រូបនៃក្តី​សង្ឃឹម ​សម្រាប់​អនាគត​ដ៏រុងរឿងសម្រាប់វិស័យជលផលកម្ពុជារបស់យើង”។

អង្គការ UNIDO នៅតែប្តេជ្ញាចិត្តជួយដល់ប្រទេសកម្ពុជា ក្នុងការបំពេញតាមស្តង់ដារពិភពលោក និង​ការពង្រីក​ទី​ផ្សារ​ទូលំទូលាយ។

លោក សុខ ណារិនតំណាងប្រចាំប្រទេស នៃអង្គការ UNIDO នៅកម្ពុជា​បានលើកឡើងថា ការរីកចម្រើនរបស់កម្ពុជា ឆ្លុះបញ្ចាំងពីភាពជាអ្នកដឹកនាំដ៏រឹងមាំ និងកិច្ចខិតខំ​ប្រឹងប្រែង​របស់ភាគីពាក់ព័ន្ធនៅគ្រប់កម្រិត។

លោកបញ្ជាក់ថា “យើងកំពុងកសាងវិស័យជលផលមួយ ដែលមានភាពធន់ ហើយអាចរីកចម្រើន ឈានចូលនៅក្នុងទីផ្សារអន្តរជាតិពោរពេញដោយភាពប្រកួតប្រជែង ឈរលើស្មារតីសាមគ្គីជាធ្លុងមួយ”។

ទោះបីជាគម្រោងបញ្ចប់ក៏ដោយ ក៏កិច្ចខិតខំប្រឹងប្រែងលើកកម្ពស់អនុលោមភាពសុវត្ថិភាពម្ហូបអាហារ ក្នុងវិស័យកែច្នៃជលផល និងការត្រៀមខ្លួន សម្រាប់នាំចេញនឹងនៅតែបន្ត។ ដោយផ្តោតការយលចិត្តទុកដាក់លើកត្តានេះ កម្ពុជា​អាច​នឹង​ក្លាយជាប្រទេសនាំមុខគេក្នុងតំបន់លើការគ្រប់គ្រងជលផល ប្រកបដោយទំនួលខុសត្រូវ។

គម្រោងបានគាំទ្រលើការរៀបចំបង្កើត និងដាក់ឱ្យដំណើរការប្រព័ន្ធត្រួតពិនិត្យផ្លូវការសម្រាប់ផល ផលិត​ផល​ជល​ផល​កម្ពុជា រួមទាំងគោលការណ៍ណែនាំ បច្ចេកទេសមួយចំនួនផ្សេងទៀត ដើម្បី​លើកកម្ពស់ការ​ធានាគុណ​ភាព​សម្រាប់​ឧស្សាហកម្មនេះ។

ជាលទ្ធផល សហគ្រាសជលផលកម្ពុជាចំនួន២២ បាន​ទទួលវិញ្ញាបន​បត្រនិមិត្ត​សញ្ញា​គុណ​ភាព​ផល ផលិតផលជលផលកម្ពុជា(CQS) ដែលបង្កើន​ជំនឿទុកចិត្ត​របស់អ្នកបរិភោគ ​សម្រាប់ទីផ្សារ​ទាំង​ក្នុង​និង​ក្រៅ​ស្រុក។ លើសពីនេះ សហគ្រាសចំនួន៩ កំពុងប្រើប្រាស់ប្រព័ន្ធអង្កេតដានឌីជីថល CamTrace ស្របតាម​លក្ខខណ្ឌ​តម្រូវនៃស្តង់ដារអង្កេតដានអន្តរជាតិ។

ច្បាប់និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ ត្រូវបានមើលឃើញថា នឹងដាក់ឱ្យអនុវត្តនាពេលដ៏ខ្លីខាងមុខនេះ។ តួយ៉ាងច្បាប់ស្តីពីជលផលថ្មីដែលទើបអនុម័តកាលពីខែមិថុនា ឆ្នាំ២០២៥។ ច្បាប់នេះមានគោលបំណងពង្រឹងការនេសាទ ប្រកបដោយនិរន្តរភាព និងការការពារធនធានសមុទ្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here