ដោយ៖ សាវុធ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសនៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះថា ថវិកាបានពីការលក់ប្រេងដំបូងរបស់កម្ពុជា នឹងយកទៅប្រើប្រាស់ក្នុងវិស័យអាទិភាព២ គឺវិស័យអប់រំ និងវិស័យសុខាភិបាល ដែលជាវិស័យសំខាន់សម្រាប់កម្ពុជា។
ការប្រកាសរបស់សម្ដេចតេជោ ធ្វើឡើងក្រោយសម្ដេចប្រកាសពីភាពជោគជ័យរបស់កម្ពុជា ក្នុងការចាប់ផ្ដើមតំណក់ប្រេងលើកដំបូងរបស់ខ្លួនហើយ ស្ថិតនៅតំបន់ប្លុក A នៃឈូងសមុទ្រកម្ពុជា ដោយក្រុមហ៊ុន Kris Energy ដែលបានខួងប្រេងចេញពីបាតសមុទ្រ ក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ។ សម្ដេចបានចាត់ទុក ដំណក់ប្រេងលើកដំបូងរបស់កម្ពុជា ជាពរជ័យជូនចំពោះប្រជាជាតិកម្ពុជា។
សម្ដេចតេជោបានមានប្រសាសន៍ថា “លុយបានមកពីប្រេង ខ្ញុំនឹងឆ្លើយប្រាប់ថា ខ្ញុំនឹងផ្ដល់អាទិភាពទៅលើវិស័យអប់រំ និងសុខាភិបាល។ តំណក់ប្រេងនេះជាពរជ័យសម្រាប់ប្រជាជនកម្ពុជា នៅក្នុងដំណាក់កាលថ្មី ជាប្រភពចំណូលថ្មី”។
សម្ដេចតេជោបានគូសបញ្ជាក់បន្ថែមថា ប្រេងរបស់កម្ពុជានៅ ប្លុក A នេះមិនមានពាក់ព័ន្ធជាមួយប្រទេសថៃនោះទេ ពោលចម្ងាយពីប្រទេសថៃ ប្រមាណជាង៣០០គីឡូម៉ែត្រ ខណៈចម្ងាយពីខេត្តព្រះសីហនុ ត្រឹមតែជាង១០០គីឡូម៉ែត្រតែប៉ុណ្ណោះ។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានបង្ហើមទៀតថា ក្រៅពីចំណូលបន្ថែមដោយតំណក់ប្រេងនេះ កម្ពុជាក៏នឹងមានប្រភពចំណូលពីធនធានធម្មជាតិបន្ថែមទៀត គឺប្រភពចំណូលបានពីរ៉ែមាស ដែលនឹងត្រៀមធ្វើអាជីវកម្ម និងចំណូលពីធ្យូងថ្មនៅខេត្តឧត្តរមានជ័យ ដែលអាចផលិតថាមពលអគ្គិសនី បានយ៉ាងហោច៣០០ ទៅ៤០០មេហ្គាវ៉ាត់ ដោយប្រើធ្យូងថ្ម ខណៈបច្ចុប្បន្នធ្យូងថ្មនេះកម្ពុជា ត្រូវទិញពីក្រៅប្រទេស៕







