ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ ខណៈអង្គការនៃបណ្តាប្រទេសនាំចេញប្រេងឆៅ និងសម្ព័ន្ធមិត្ត (OPEC+) ត្រូវបានគេរំពឹងថា នឹងសម្រេចចិត្តបន្តបង្កើនការផលិតប្រេងឆៅក្នុងកិច្ចប្រជុំនាពេលខាងមុខ។
នៅកិច្ចប្រជុំ ដែលគ្រោងរៀបចំឡើងនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ អង្គការនៃបណ្តាប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត រួមទាំងរុស្ស៊ី (OPEC+) អាចនឹងឯកភាពឱ្យមានការបង្កើនការផលិតប្រេងឆៅយ៉ាងតិច១៣៧.០០០បារ៉ែលក្នុងមួយថ្ងៃនៅខែវិច្ឆិកាខាងមុខ។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៤៧សេនមកនៅត្រឹម៦៧,៥ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0012 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានធ្លាក់ចុះ៤០សេនមកនៅត្រឹម៦៣,០៥ដុល្លារក្នុងមួយបារ៉ែល៕







