ដោយៈ ម៉ាណា
ប្រទេសជប៉ុនៈ ក្នុងដំណើរទស្សនកិច្ចការងារចូលរួមពិព័រណ៍ទេសចរណ៍ជប៉ុន ២០២៥ និងកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជន បានជួបពិភាក្សាការងារជាមួយឯកឧត្តម Hideaki Ōmura អភិបាលខេត្តអៃឈិ (Aichi Prefecture) អំពីការបង្កើតកិច្ចសហប្រតិបត្តិការទេសចរណ៍ថ្មីៗ បន្ថែមទៀតរវាងប្រទេសកម្ពុជា និងខេត្តអៃឈិ (Aichi Prefecture)។
ក្នុងជំនួបពិភាក្សាការងារដ៏មានសារៈសំខាន់ និងប្រកបដោយផ្លែផ្កា គូភាគី មានទស្សនៈរួមគ្នាថាទាំងប្រទេសកម្ពុជា ជាតារាទើបនឹងរះពោរពេញដោយកាលានុវត្ត និងខេត្តអៃឈិ (Aichi Prefecture) ដែលមានសេដ្ឋកិច្ចនាំមុខគេមួយដែរ ក្នុងប្រទេសជប៉ុន ហើយសុទ្ធតែមានសក្តានុពលទេសចរណ៍ និងបេតិកភណ្ឌពិភពលោកដូចៗគ្នា ប្រពៃណីទំនៀមទំលាប់គួរឱ្យចាប់អារម្មណ៍ ព្រមទាំងទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុនជាង៧២ឆ្នាំ ហើយដែលត្រូវបានតម្លើងកម្រិតជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ គឺពិតជាកត្តាជួយបំពេញបន្ថែមគ្នាទៅវិញទៅមក ដើម្បីរួមគ្នាជំរុញវិស័យទេសចរណ៍ រវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន និយាយជារួម និងរវាងកម្ពុជា និងខេត្តអៃឈិ (Aichi Prefecture) ។
កិច្ចសហប្រតិបត្តិការ រួមមាន មានការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដល់ប្រជាជន នៃគោលដៅទេសចរណ៍ទាំងពីរ ការពិនិត្យលទ្ធភាពរៀបចំព្រឹត្តការណ៍ជំរុញទេសចរណ៍ ការជំរុញជើងហោះហើរត្រង់ ដើម្បីឱ្យមានកំណើនការធ្វើទេសចរណ៍ កើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ៕








