ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះបន្តិចក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីធនាគារកណ្តាលសហរដ្ឋអាមេរិក(Fed)បានកាត់បន្ថយអត្រាការប្រាក់ជាលើកដំបូងនៅឆ្នាំ២០២៥នេះ និងស្របពេលដែលមានការព្រួយបារម្ភអំពីការធ្លាក់ចុះនូវតម្រូវការប្រេងឥន្ធនៈនៅសហរដ្ឋអាមេរិក។
អត្រាភាពអត់ការងារធ្វើនៅសហរដ្ឋអាមេរិកបានកើនឡើងពីអត្រា៤,២ភាគរយនៅខែកក្កដាដល់អត្រា៤,៣ភាគរយនៅខែសីហា។នេះជាសញ្ញាបង្ហាញថា ទីផ្សារការងាររបស់ប្រទេសនេះកំពុងធ្លាក់ចុះ ដោយជំរុញឱ្យធនាគារកណ្តាលអាមេរិកទាញទម្លាក់អត្រាការប្រាក់ចំនួន០,២៥ភាគរយកាលពីថ្ងៃទី១៧ ខែកញ្ញាកន្លងទៅ។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ១សេនមកនៅត្រឹម៦៧,៤៣ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0100 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានធ្លាក់ចុះ៤សេនមកនៅត្រឹម៦៣,៥៣ដុល្លារក្នុងមួយបារ៉ែល៕







