ដោយៈ ម៉ាណា
ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកកឹម ស៊ីថន បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីពិភាក្សាដេញដោលយុវជនវគ្គផ្តាច់ព្រ័ត្រ លើប្រធានបទ៖ ពាណិជ្ជកម្មឌីជីថលនៅកម្ពុជា។
កម្មវិធីនេះធ្វើឡើងអមក្នុង “វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី២ (2nd Digital trade Forum – DTF)” ក្រោមមូលបទ “កសាងអនាគតកម្ពុជា តាមរយៈពាណិជ្ជកម្មឌីជីថល (Advancing Cambodia’s Future Through Digital Trade)”។
លោករដ្ឋលេខាធិការប្រចាំការ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នាយ៉ាងល្អ ក្នុងការរៀបចំកម្មវិធីដ៏មានសារៈសំខាន់នេះឡើង ព្រមទាំងបានថ្លែងអំណរគុណ ចំពោះគ្រឹស្ថានសិក្សាទាំងអស់ ដែលបានបញ្ជូលនិស្សិតរបស់ខ្លួន ដើម្បីចូលរួមក្នុងការប្រកួតប្រជែង ក្នុងកម្មវិធីពិភាក្សាដេញដោលយុវជន (Youth Debate) ដ៏មានសារៈសំខាន់នេះ។
លោកបន្តថា កម្មវិធីជជែកដេញដោលយុវជន លើប្រធានបទ៖ ពាណិជ្ជកម្មឌីជីថលនៅកម្ពុជា គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់យុវជនក្នុងសម័យឌីជីថល ព្រោះនេះគឺជាវេទិកាមួយ ដែលនឹងជួយជំរុញការផ្សព្វផ្សាយ និងការចូលរួមពីយុវជនជំនាន់ក្រោយ ឱ្យមានការសន្ទនា និងបំផុសគំនិតចូលរួមជាមួយសង្គម ព្រមទាំងសិក្សាស្វែងយល់ពីពាណិជ្ជកម្មឌីជីថល សំដៅរួមគ្នាកសាងអនាគតឌីជីថលដ៏ឆ្លាតវៃសម្រាប់កម្ពុជា។
លោករដ្ឋលេខាធិការប្រចាំការ បានចូលរួមអបអរសាទរចំពោះការបិទបញ្ចប់ដោយជោគជ័យនៃ កម្មវិធីជជែកដេញដោលយុវជន នេះ និងបានអបអរសាទរចំពោះ ក្រុមនិស្សិតជ័យលាភីមកពីសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ (AUPP) ដែលដណ្ដើមបានជ័យជំនះក្នុងកម្មវិធីដ៏មានសារៈសំខាន់នេះ ព្រមទាំងបានបង្ហាញនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា លទ្ធផលនិងជ័យជំនះក្នុងថ្ងៃនេះ នឹងចូលរួមលើកកម្ពស់ការចូលរួមរបស់យុវជន ក្នុងវិស័យពាណិជ្ជកម្មឌីជីថល ក៏ដូចជាលើកទឹកចិត្តបន្ថែមឱ្យមានការចូលរួមប្រកួតប្រជែង ពីយុវជនជំនាន់ក្រោយកាន់តែច្រើន នៅក្នុងកម្មវិធីជជែកដេញដោលយុវជនលើកក្រោយៗទៀត។
វេទិកាពិភាក្សាដេញដោលយុវជនវគ្គផ្តាច់ព្រ័ត្រនេះ គឺជាការប្រកួតរបស់៖ សាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ (AUPP) ជាមួយ សាកលវិទ្យាល័យប៊ែលធី អន្តរជាតិ (BELTEI IU) លើប្រធានបទ៖ រាជរដ្ឋាភិបាលកម្ពុជាគួរអនុវត្តន៍ ក្រមប្រតិបត្តិស្តីពីបញ្ញាសិប្បនិម្មិត (AI) នៅក្នុងពាណិជ្ជកម្មឌីជីថល ដើម្បីការពារអ្នកប្រើប្រាស់ និងអាជីវកម្មក្នុងស្រុក៕









