ដោយៈ ម៉ាណា
ព្រះសីហនុៈ អភិបាលរងខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ បានបើកកិច្ចប្រជុំពិគ្រោះយោបល់ អំពីការគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន ក្នុងក្រុងព្រះសីហនុ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួម ពីជំនាញការអភិវឌ្ឍន៍ទីក្រុង (Urban Development Expert) តំណាងអង្គការ UN-Habitat ប្រចាំការិយាល័យអនុតំបន់អាស៊ី ប៉ាស៊ីហ្វីក លោកអភិបាលរងក្រុង លោក-លោកស្រី មន្ទីរ អង្គភាព និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ នៅសណ្ឋាគារឆ្នេរថ្មី។
កិច្ចប្រជុំនេះបានរៀបចំឡើង ក្រោមកិច្ចសហការរវាងរដ្ឋបាលខេត្តព្រះសីហនុ និង អង្គការសហប្រជាជាតិ សម្រាប់លំនៅឋានមនុស្សជាតិ (UN-Habitat) ក្នុងគោលបំណងដូចជា
ទី១ ស្រង់បញ្ហាប្រឈម និងប្រមូលធាតុចូលបន្ថែមឱ្យកាន់តែស៊ីជម្រៅ
ទី២ វិភាគពីឬសគល់នៃបញ្ហា គម្លាតបច្ចេកទេស ហិរញ្ញវត្ថុ និងទីតាំងភូមិសាស្រ្ត -កំណត់ដំណោះស្រាយផ្សេងៗដែលចាំបាច់។
ទី៣ ស្នើសុំការចូលរួមរបស់ភាគីពាក់ព័ន្ធ ចូលរួមបញ្ចេញមតិយោបល់ ដើម្បីអនុញ្ញាតឱ្យក្រុមការងារUN-Habitat រៀបចំរបាយការណ៍វិភាគស្ថានភាពឱ្យបាន ឆ្លើយតបនឹងស្ថានភាពជាក់ស្ដែង មុននឹងឈានទៅដល់ការរៀបចំសំណើគម្រោងបច្ចេកទេស។
ក្នុងឱកាសនោះលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានស្នើឱ្យអង្គប្រជុំទាំងមូល បានការពិភាក្សាទៅលើផែនការអប់រំ និងជំរុញប្រជាពលរដ្ឋ ឱ្យមានការទទួលខុសត្រូវចំពោះសំរាម ការបំពេញកាតព្វកិច្ចឱ្យបានពេញលេញ ក្នុងនាមជាអ្នកទទួលសេវា និងអ្នកផ្តល់សេវាប្រមូលសំរាម។
ការពង្រឹងក្រុមសំអាតចល័ត សំអាតក្នុងក្រុង និងឆ្នេរជាប្រចាំ
ការអនុវត្តកាត់បន្ថយការប្រើប្រាស់ ប្រអប់ស្នោរ និងថង់ប្លាស្ទិកដែលប្រើតែម្តងហើយចោល (Single Use plastics) ដោយប្រើសម្ភារៈដទៃ ដែលអាចប្រើច្រើនដងមកជំនួស នៅតាមហាង កាហ្វេ ភោជនីយដ្ឋាន អាហារដ្ឋាន ឬតាមមាត់ឆ្នេរនេះតែម្តង ដើម្បីកាត់បន្ថយសំណល់ដឹកទៅកាន់ទីលាន។ ការគ្រប់គ្រងទីលានទុកដាក់សំរាម ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព៕










